ប្រកាស​បើក​ជា​ផ្លូវការ ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា​សម្រាប់ឆ្នាំ ២០២២

សង្គម​ និង​សេដ្ឋកិច្ច

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ (Cambodian Young Entrepreneur Award 2022) បានប្រកាស​បើក​ជា​ផ្លូវការ​នៅផ្សារទំនើបអូឡាំព្យា ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ធ្វើ​ឡើងក្នុងគោលបំណងជួយលើកកម្ពស់សហគ្រិនភាពនៅក្នុងប្រទេស​កម្ពុជា តាមរយៈការចម្រាញ់យសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាព​សហគ្រិន​ឆ្នើមទាំងនោះ​ ទៅកាន់ពិភពលោកធុរកិច្ច។​

ថ្លែងនៅក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញ​ឱ្យ​សហគ្រិន​វ័យ​ក្មេងកម្ពុជាទាំងអស់ប្រឹងប្រែងបញ្ចេញឱ្យអស់សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងបទពិសោធន៍របស់ខ្លួន នៅក្នុងការប្រកួតប្រជែងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២។ ជាពិសេសក៏​លើកទឹកចិត្ត​ឱ្យ​សហគ្រិនទាំងអស់បន្តពង្រឹងសមត្ថភាព និងចាប់យកកាលានុវត្តភាព ក៏ដូចជាសក្ដានុពលដែលមានស្រាប់ក្នុងការអភិវឌ្ឍគុណភាពផលិតផលទំនិញ និងសេវាកម្ម ដើម្បីអាចបន្តប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ​ ស្របពេលដែលរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ តាម​រយៈការធ្វើពិពិធកម្មទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិផងដែរ។​

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ នឹងផ្តល់ឱកាសដល់បេក្ខភាពចូលរួមប្រកួតទាំងអស់ទទួលបានចំណេះដឹងបន្ថែម ការចែករំលែកបទពិសោធន៍ និងការពង្រីកទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀត ក៏ដូចជាបន្តផ្សព្វផ្សាយពីកម្មវិធីនេះជូនសាធារណជនផ្សេងទៀត ជាពិសេសការពង្រឹងសមត្ថភាពដើម្បីអាចក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ និងចូលរួមជំរុញវិស័យសហគ្រិនភាពនៅកម្ពុជា។

កម្មវិធី​ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ ដែលប្រកាស​បើក​ជា​ផ្លូវការ​​កាល​ពីម្សិលមិញនេះ ក៏មានការ​ចូលរួម​ពី​ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាស្តាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, គណៈកម្មាធិការពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ ២០២២, អតីតអ្នកទទួលពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃផ្សេងទៀត សរុបចំនួនប្រមាណ ១០០នាក់៕