ដាណា ភីន ដែលជាកូនស្រីបង្កើតរបស់លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស កម្រិតទី៩ (Level 9) ប្រចាំឆ្នាំ២០២២ នៅសាលា ប៊ែលធី អន្តរជាតិ។
កញ្ញា ដាណា ភីន បានលើកយកប្រធានបទអំពី “The Educational Sector is Heading to Digital Platform” ដែលមានន័យថា “វិស័យអប់រំ កំពុងឆ្ពោះទៅកាន់ទម្រង់ជាឌីជីថល” ក្នុងការប្រកួតប្រជែងនិយាយជាសាធារណៈរបស់ខ្លួន។ ទាំងការនិយាយ ទាំងកាយវិការ បូករួមទាំងខ្លឹមសារដ៏មានអត្ថន័យ របស់កញ្ញា ដាណា ភីន បានធ្វើឱ្យគណៈកម្មការផ្តល់ពិន្ទុ និងទស្សនិកជន ដែលបានទស្សនាផ្ទាល់ មានការកោតសរសើរយ៉ាងខ្លាំង។
ជាមួយគ្នានេះ ឧកញ៉ា យ៉ន សេងហាន បានបង្ហោះវីដេអូនិយាយរបស់កញ្ញា ដាណា ភីន ភ្ជាប់ជាមួយសារនៅលើហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទ ទី៨ ខែសីហានេះថា៖ “សួស្ដីបងប្អូនទាំងអស់គ្នា ស្គាល់គាត់ទេ? គាត់ឈ្មោះ ដាណា ភីន ជាកូនស្រី ជំទាវ ទ្រី ដាណា! ក្នុងនាមខ្ញុំជាគ្រូអប់រំ និងជាអ្នកស្រលាញ់ការសិក្សាម្នាក់ សូមត្រេកអរនិងមោទកភាព ចំពោះក្មួយស្រីដាណាភីន ដែលជាក្មេងឆ្លាត ឧស្សាហ៍ព្យាយាម ទៅជាសិស្សឆ្នើម ទោះបីរស់នៅក្នុងគំនរទ្រព្យសម្បត្តិម្តាយក៏ដោយ”។
ឧកញ៉ា យ៉ន សេងហាន បានបន្តថា សូមកោតសរសើរដល់ ជំទាវ ទ្រី ដាណា ដែលបានអប់រំកូនបានយ៉ាងល្អ ទោះបីលោកជំទាវ មានអាជីពធំ និងច្រើនយ៉ាងណាក៏ដោយ។ នេះជាគម្រូមួយដ៏ល្អសំរាប់អាណាព្យាបាលកូនទាំងអស់ ទោះបីរវល់ការងារយ៉ាងណា ក៏ត្រូវមានពេលអប់រំណែនាំកូនដែរ។ បើយើងប្រឹងរកលុយបានមក កូនមិនល្អ រៀនមិនពូកែ មិនដើរតាមកន្លងធម៌ លុយដែលរកបានមកនោះ ក៏គ្មានន័យសំរាប់ជីវិតយេីងដែរ។
គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា ទើបតែបើកសម្ពោធ ហាងពេជ្រ ដាណាទ្រី សាខាច្បារអំពៅ ថ្មីមួយទៀតជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បន្ទាប់ពីហាងពេជ្ររបស់លោកស្រី ទទួលបានជោគជ័យដ៏ធំធេង នៅសាខាធំ លើមហាវិធីឈ្នះ-ឈ្នះ ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕
សូមទស្សនាវីដេអូខាងក្រោម៖