ក្រុមហ៊ុនធំមួយរបស់អាមេរិក ចេញមុខសុំទោសចិន ក្រោយហៅតៃវ៉ាន់ថាជាប្រទេស

អន្តរជាតិ

ក្រុមហ៊ុនស្ករគ្រាប់ដ៏ធំបំផុតរបស់អាមេរិក Mars Wrigley បានចេញមុខបញ្ជាក់ថា ខ្លួនពិតជាគោរពដល់អធិបតេយ្យភាពជាតិរបស់ប្រទេសចិន និងបានសុំទោស ចំពោះកំហុសឆ្គងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ផលិតផលស្ករសូកូឡា Snikckers របស់ខ្លួន ដែលបានហៅកោះតៃវ៉ាន់ គឺជាប្រទេសមួយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:វីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snikckers បានផ្សព្វផ្សាយថា ផលិតផលនេះ មានលក់តែនៅក្នុងប្រទេសមួយចំនួន ដូចជា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ហើយចំពោះពាណិជ្ជកម្ម ដែលមានការចូលរួមផ្សព្វផ្សាយដោយក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS មួយនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅលើប្រព័ន្ធបណ្តាញសង្គម Weibo របស់ចិន កាលពីពេលថ្មីៗកន្លងទៅ ។

ក្រោយពីទទួលបានការប្រតិកម្មខ្លាំងបែបនេះ ក្រុមហ៊ុន Mars Wrigley បានចុះផ្សាយអំពីការសុំអភ័យទោស នៅលើគណនី Snickers China Weibo របស់ខ្លួនភ្លាមៗ ហើយបាននិយាយថា ខ្លឹមសារពាក់ព័ន្ធទាំងនោះត្រូវបានកែប្រែឡើងវិញ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិក បាននិយាយថា ​៖ ” យើងដឹងអំពីរបាយការណ៍ស្តីពីសកម្មភាព ដែលទាក់ទងជាមួយនឹង Snickers នៅក្នុងតំបន់មួយចំនួននៅអាស៊ី ហើយយើងបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងសម្តែងការសុំទោសយ៉ាងជ្រាលជ្រៅ ” ។

“ Mars Wrigley មាការគោរពទៅលើអធិបតេយ្យភាពជាតិ និងបូរណាភាពទឹកដីរបស់ប្រទេសចិន ហើយក្រុមហ៊ុនបានធ្វើប្រតិបត្តិការអាជីវកម្ម ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញតិក្នុងស្រុងយ៉ាងតឹងរ៉ឹង ” ។

នៅត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍នេះ Snickers China ក៏បានចែករំលែកសារមួយផ្សេងទៀត ដោយបង្ហោះលើបណ្តាញសង្គម Weibo ថា ៖ “មានប្រទេសចិនតែមួយគត់នៅក្នុងពិភពលោកនេះ ហើយតៃវ៉ាន់គឺជាផ្នែក ដែលមិនអាចកាត់ផ្តាច់ពីប្រទេសចិនបានឡើយ ” ។

គួរបញ្ជាក់ថាទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចិនបានឡោមព័ទ្ធកោះតៃវ៉ាន់ ជាមួយនឹងការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់ទឹកដីកោះនេះ ៕