ប្រទេសនៅអាស៊ានមួយ ប្រកាសឈប់សាងសង់រោងចក្រថាមពលធ្យូងថ្ម ត្រឹមឆ្នាំ ២០៤០

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថានឹងបញ្ឈប់ការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម នៅត្រឹមឆ្នាំ ២០៤០ ព្រោះចង់ងាកទៅផ្តោតលើប្រភពថាមពលស្អាត និងកកើតឡើងវិញ ។​ នេះបើយោងតាមរដ្ឋមន្ត្រី នៅក្នុងនាយកដ្ឋានទទួលបន្ទុកសេដ្ឋកិច្ចម៉ាឡេស៊ី លោក Mustapa Mohamed បានលើកឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងសម័យប្រជុំសំណួរ និងចម្លើយនៃកិច្ចប្រជុំលើកទី ២ របស់សភាម៉ាឡេស៊ី លោក Mustapa បាននិយាយថា វិបត្តិថាមពលពិភពលោក កំពុងតែមានការផ្លាស់ប្តូរ ទៅរកការប្រើប្រាស់ថាមពលស្អាតជាងមុន ស្របពេលប្រទេសម៉ាឡេស៊ី នឹងធ្វើការកែលម្អសមត្ថភាព ក្នុងការផលិតថាមពលកកើតឡើងវិញ ដើម្បីបំពេញតាមគោលដៅ ដែលបានកំណត់ ។

គួរឱ្យដឹងថា ប្រភពថាមពលកកើតឡើងវិញមួយចំនួន ដែលត្រូវបានកំណត់យក សម្រាប់ការអភិវឌ្ឍរួមមាន វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ជីវឧស្ម័ន ជីវម៉ាស និងបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីធានាបាននូវគុណភាព និងការផ្គត់ផ្គង់ថាមពលប្រើប្រាស់ពេញលេញ ។

ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ក៏បានសង្កត់ធ្ងន់ទៀតថា នឹងពង្រីកទៅលើការប្រើប្រាស់ថាមពលអ៊ីដ្រូសែន និងអភិវឌ្ឍបច្ចេកវិទ្យាទាក់ទងទៅនឹងការចាប់យកឧស្ម័នកាបូនពុល និងការរក្សាទុកឧស្ម័នទាំងនោះ ៕