មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ វេលាម៉ោងជាង៦ល្ងាច០៨ ខែមិថុនា ឆ្នាំ២០១៩ នៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៥.៨៦ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងរថយន្តនិងរថយន្ដ កើតចេញជាអគ្គិភយ័ ដែលតាមសេចក្តីរាយការណ៏ពីកន្លែងកើតហេតុថា ស្លាប់ កើន ឡើងចំនួន ១១នាក់ (ស្រីម្នាក់) និងរបួសកើនឡើង ៤នាក់។
តាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺអោយដឹងជាបឋមថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ ដែលតាមការបញ្ជាក់ពីសមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង ធ្វើអោយមនុស្ស១១នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះមនុស្ស៦នាក់ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និងអ្នកស្លាប់៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី ហើយមួយចំនួនទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ភ្លាមៗដែរ ជាមួយនឹងការដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ៕