មហាសេដ្ឋី Mukesh Ambani បានបដិសេធមិនយកប្រាក់ខែប្រចាំឆ្នាំអស់រយៈពេល ២ ឆ្នាំ ពោលពីឆ្នាំ ២០២០-២១ និង ២០២១-២២ ដើម្បីជួយសម្រាលដល់ការចំណាយរបស់ក្រុមហ៊ុន Reliance Industries ក្នុងការទូទាត់ប្រាក់ខែជូនបុគ្គលិក អំឡុងពេលការរាតត្បាតកូវីដ ១៩។ នេះបើតាមការចុះផ្សាយពី Businesstoday។
ប្រភពដដែលបានបន្ថែមថា Ambani មិនធ្លាប់ទទួលបានភាគលាភពីប្រាក់ខែ តម្លៃហ៊ុន អត្ថប្រយោជន៍ពីការចូលនិវត្តពីក្រុមហ៊ុន Reliance Industries ឡើយ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ខណៈលោកនៅតែបន្តកាន់តួនាទីជាប្រធាន និងនាយកគ្រប់គ្រងប្រចាំក្រុមហ៊ុន។
សូមជម្រាបដែរថា មុនពេលផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ប្រាក់ខែប្រចាំឆ្នាំរបស់លោក Ambani គឺមានរហូតដល់ជិត ២ លានដុល្លារតាំងពីឆ្នាំ ២០០៨-០៩ គិតទាំងភាគលាភពីភាគហ៊ុន និងអត្ថប្រយោជន៍ផ្សេងៗផងដែរ។
គួសរំលឹកដែរថា បច្ចុប្បន្ន Mukesh Ambani កំពុងឈរនៅក្នុងបញ្ជី Top 10 ជាមហាសេដ្ឋីមានបំផុតលើលោក និងជាបុគ្គលទី ២ មានបំផុតនៅឥណ្ឌាបន្ទាប់ពីលោក Gautam Adani៕