រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងគ្រោងនឹងដាក់អនុវត្តនូវគោលការណ៍ថ្មីគឺ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច លើគ្រប់ប្រភេទយានយន្តទាំងអស់ នៅចុងឆ្នាំ២០២២នេះ។ ដូច្នេះ ប្រសិនបើសេចក្តីសម្រេចថ្មីនេះចូលជាធរមាន នោះរថយន្តណាដែលគ្មានធានារ៉ាប់រង ហើយធ្វើចរាចរណ៍លើផ្លូវសាធារណៈ នោះនឹងរងការផាកពិន័យពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ត្រង់មាត្រា ៩៧ បានចែងថា បុគ្គលជាម្ចាស់យានយន្តដែលមិនមានការធានារ៉ាប់រងជាកាតព្វកិច្ចស្របតាមច្បាប់នេះ ហើយដែលយានយន្តត្រូវបានយកទៅធ្វើចរាចរណ៍នៅលើផ្លូវថ្នល់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១៥ ០០០ (ដប់ប្រាំពាន់) រៀល ទៅ ១ ៥០០ ០០០ (មួយលានប្រាំសែន) រៀល និងតម្រូវឱ្យមានការធានារ៉ាប់រង។
និយ័តករធានារ៉ាប់រងកម្ពុជា ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបកស្រាយឱ្យសាធារណៈជនយល់ថា តាមពិតការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋវិញទេ ព្រោះបើសិនជាករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រង នៅពេលមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវសាធារណៈ នោះរាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ឬអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងកំណត់ឱ្យរថយន្តឯកជនគ្រប់ប្រភេទទាំងអស់ ត្រូវតែមានការធានារ៉ាប់រងជាកាតព្វកិច្ច ដែលអាចនឹងអនុវត្តជាផ្លូវការ ចាប់ពីឆ្នាំ២០២២នេះតទៅតែម្តង។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៕