អាជីវករផ្សារអូឫស្សី យល់ព្រមទទួលយកការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​ភ្នំពេញ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយ​អ្នកដំណាងអាជីវករ​ផ្សារ​អូរឫស្សី​ ចំនួន ៥រូប ដែលមានការសម្របសម្រួលពីលោក កើត ឆែ អភិបាលរង និង លោក​នួន ផា​រ័ត្ន អភិបាលរាជធានី​ភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំ អាជីវករផ្សារឫស្សី បានស្នើសុំ ០៤ ចំណុច៖ ១/ ​កំណត់​អាណត្តិ ២០​ឆ្នាំ​បបន្តទៀត ២/ ផ្តល់​ប័ណ្ណ​តូប​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដូច​មុន​ ៣/ ​ស្នើសុំ​បង់​ត្រឹម ៥០% នៃ​តម្លៃ​អាណត្តិ​ចាស់​ និង ៤ ស្នើ​ឱ្យ​មានការ​ជួសជុល​ផ្សារ​នា​ឆ្នាំ​២០២៣​ខាងមុខ ដោយជួសជុល​តាម​ប្លុក​ បន្ទាប់ពី បង់​អាណត្តិ​ថ្មី​រួច​។​

ការស្នើសុំបែបនេះពីអាជីវករ​ផ្សារ​អូរឫស្សី​ ដោយសារ​ស្ថានភាព​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ជាស​កល បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ការប្រកប​របរ​អាជីវ​កម្ម​ផ្សេងៗ បណ្តាលឱ្យ ការលក់ដូរ​ក្នុង​ផ្សារ​អូរឫស្សី​មានការ​ធ្លាក់ចុះ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ឱ្យដឹងថា ​តម្លៃ​នៃ​ការបង់ រយៈពេល ២០​ឆ្នាំ គឺជា​តម្លៃ​កាលពី​២០​ឆ្នាំមុន ដែលធ្លាប់បាន​បង់​រួចហើយ​។ ចំពោះ​តម្លៃ ប្រសិនចែកជា​ប្រចាំឆ្នាំ ចំពោះ​ប្រភេទ​តូប​/​ស្តង់​តម្លៃ​ខ្ពស់បំផុត មាន​ត​ម្លៃ ៣៣០០ ដុល្លារ ក្នុង​រយៈពេល ២០ ឆ្នាំ​, បើ​ចែកជា​ប្រចាំឆ្នាំ ទឹកប្រាក់​ដែល​ត្រូវ​បង់ គឺ​ចំនួន ១៦៥ ដុល្លារ​/​ឆ្នាំ​។

ដោយឡែក សម្រាប់​តម្លៃ​ទាប​បំផុត​គឺ​ចំនួន ១,៩៨០ ដុល្លារ ក្នុង​រយៈពេល ២០​ឆ្នាំ​, បើ​ចែកជា​ប្រចាំឆ្នាំ ទឹកប្រាក់​ដែល​បង់​គឺ​ចំនួន ៩៩ ដុល្លារ​/​ឆ្នាំ​។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះតម្លៃ និងកម្មសិទ្ធិ អាជីវករ​អាច​បន្ត ការលក់ដូរ​រហូត​តកូនតចៅ​ក្នុងអំឡុងពេល​អាណត្តិ​នៃ​កិច្ចសន្យា ហើយក៏អាច​ផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល ទៅ​កូនចៅ ឬ​អ្នកដទៃ​បាន​។

ចំពោះសំណើរបស់អាជីវករ ស្នើសុំ​កំណត់អាណត្តិបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យនៅ​ជា​ប្រក្រតី រយៈពេល ២០​ឆ្នាំ​បន្តទៀត។ ហើយចំពោះ​អាណត្តិ​ថ្មី នៃ​កិច្ចសន្យា គិត​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០៤២​។ ការបង់ប្រាក់​សម្រាប់​អាណត្តិ​ថ្មី នៃ​កិច្ចសន្យាអាជីវករ​អាចធ្វើ​ការបង់​ទៅតាម​លទ្ធភាព​ជាក់ស្តែង ដូចជា៖ ​ជម្រើស​ទី​១ ៖ បង់ប្រាក់ ០១ លើក សម្រាប់​អាណត្តិ​រយៈពេល ២០ ឆ្នាំ​ ​និងជម្រើស​ទី​២ ៖ បង់ប្រាក់ ០២​លើក សម្រាប់​អាណត្តិ​រយៈពេល ២០ ឆ្នាំ ដោយ​បង់ ១០ ឆ្នាំ ម្តង ជម្រើស​ទី​៣៖ បង់ប្រាក់ ០៤ លើក សម្រាប់​អាណត្តិ​រយៈពេល ២០​ឆ្នាំ ដោយ​បង់​០៥ ឆ្នាំ ម្ម្តង។

គួររំលឹកថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ អាជីវកនៅផ្សារអូរឬស្សីរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខស្នាក់ការផ្សារ ដើម្បីស្នើរសុំដល់អាជ្ញាធរគ្រប់គ្រងផ្សារ ចំនួន៣ចំណុច ទី១​ សុំកែរពីពាក្យ​ បង់ថ្លៃជួលតូប​ មកជាពាក្យបន្តបង់តប័ណ្ណ​កម្មសិទ្ធិជូនដល់អាជីវករ​ ដោយមិនប្រើពាក្យថាជួល​ ទី២សុំបញ្ចុះ និង ទី៣ សុំពន្យាពេលការបង់បន្តថ្លៃកម្មសិទ្ធរហូតដល់ចុងឆ្នាំ២០២២៕