អភិបាលខេត្តព្រះវិហារថ្មី អះអាងថា ប្រឹងធ្វើការឱ្យបានល្អ កុំឱ្យខូចតម្លៃនៃការតែងតាំង

សង្គម​ និង​សេដ្ឋកិច្ច

លោក គីម រិទ្ធី ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ មានឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ នៅថ្ងៃទី៥ ខែសីហា លោកត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោកបានទៅជួបសំណេះសំណាលជាមួយកងកំលាំងការពារព្រំដែនតំបន់ប្រាសាទព្រះវិហារ នាថ្ងៃសៅរ៍ ទី៦ ខែសីហានេះ។

ក្នុងដំណើរសួរសុខទុក្ខកងទ័ព លោក គីម រិទ្ធី បានបង្ហាញអារម្មណ៍ថា លោកពិតជាមាន ក្តីរំភើបរីករាយ ដែលបានជួបយុទ្ធមិត្តចាស់ ហើយបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក។

លោក គីម រិទ្ធី បានឲ្យដឹងថា លោកបានមកដល់តំបន់ប្រាសាទព្រះវិហារ នាចុងឆ្នាំ២០០៨ អំទ្បុងពេលដែលថៃឈ្លានពានមកលើតំបន់ប្រាសាទ ក្នុងនាមលោកជាអតីតនាយទាហានជាន់ខ្ពស់យោធា និងជាក្រុមចលនាយុវជនសមរភូមិក្រោយ នៃសមាគមយុវជនកម្ពុជា (បច្ចុប្បន្ន សសយក)។

លោកថ្លែងថា៖ ខ្ញុំសូមថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់កងកំលាំងប្រដាប់អាវុធយើង ក្នុងការការពារបូរណភាពដែនដី និងការពារសុខសន្តិភាពជូនកម្ពុជា។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តថ្មីរូបនេះ ក៏ឆ្លៀតពេល គោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានដឹកនាំនាវាកម្ពុជា ស្វែងរកសន្តិភាព បណ្តុះបណ្តាលធនធានមនុស្ស និង ផ្តល់សេចក្តីទុកចិត្ត ចំពោះលោកជាយុវជនជំនាន់ក្រោយ ជាអភិបាលខេត្តព្រះវិហារ។

លោកថ្លែងបន្តថា៖ ខ្ញុំបាទសូមប្តេជ្ញា “ប្រឹងធ្វើការអោយបានល្អ កុំអោយខូចតម្លៃនៃការតែងតាំង” និង “បំរើប្រជាជនប្រកបដោយយុត្តិធម៌” និងគុណធម៌បំផុត។

គួររំលឹកថា លោក គីម រិទ្ធី ជាកូនប្រុសលោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យរបស់គណបក្សប្រជាជនកម្ពុជា។

មុនឡើងកាន់ដំណែងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

សម្រាប់ការងារបក្សវិញ លោក គីម រិទ្ធី ក៏កំពុងកាន់តួនាទីជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ៕