ស្ថានីយ​ប្រេង​ឥន្ធនៈ ២៦៥០ កន្លែង កំពុង​ដំណើរការ​ទូទាំង​ប្រទេស

អាជីវកម្ម

លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ក្នុង​សន្និសីទ​នៅ​ព្រឹក​នេះ​ថា នៅ​ទូទាំង​ប្រទេស​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ ២៦៥០ ទីតាំង​កំពុង​ដំណើរការអាជីវកម្ម។ ក្នុងនោះ​ជាង ៧៥ ភាគរយ​បាន​ចុះ​បញ្ជី​​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទី នរិន្ទ បាន​បញ្ជាក់ថា ម្ចាស់​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​​មួយ​ចំនួន ធ្វើការ​សាងសង់​ និង​ដំណើរការ​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ដោយ​ខុស​បទដ្ឋាន​បច្ចេកទេស​ និង​ពុំ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ឡើយ​។

ក្រោយ​​ការ​ដាក់ចេញ​បទដ្ឋាន​សុវត្ថិភាព​នីតិវិធី​ច្បាប់​ ជា​លទ្ធផល​មាន​ម្ចាស់​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ជាច្រើន​ ចាប់ផ្តើម​មក​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត ដើម្បី​អនុលោមទៅតាម​ច្បាប់។

លោក ទី នរិន្ទ បាន​បញ្ជាក់ថា ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​រៀបចំ​​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បទដ្ឋាន​បច្ចេកទេស​មួយចំនួន​​លើ​ការ​គ្រប់គ្រង​ស្ថានីយប្រេង​ឥន្ធនៈ​ឱ្យ​មានប្រសិទ្ធភាព​។ ការសម្រេច​កំណត់​ឱ្យ​អនុវត្ត​នេះ​ ដើម្បី​ជា​មូលដ្ឋាន​គតិ​យុត្ត​ក្នុង​ការគ្រប់គ្រង​ និង​ជា​មូលដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​សម្រាប់​ការបង្កើត​ស្ថានីយ​ថ្មី​ និង​ការ​កែសម្រួល​សំណង់​ស្ថានីយ​ចាស់​ឱ្យ​មាន​សុវត្ថិភាព​ ក្នុង​គោលដៅ​កាត់បន្ថយ​ឧបទ្ទវហេតុ​ គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕