ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យពិភពលោកប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តួយ៉ាងការកើនឡើងនៃតម្លៃទំនិញយ៉ាងតក់ក្រហល់ បណ្ដាលឲ្យប្រទេសមួយចំនួនធ្លាក់ចូលរណ្ដៅសេដ្ឋកិច្ចតែមួយប៉ប្រិចភ្នែក។
ក្នុងចំណោមទំនិញដែលឡើងថ្លៃទាំងអស់ ប្រេងឥន្ធនៈមានការកើនឡើងខ្ពស់បំផុត ស្របពេលតម្រូវការក៏មានច្រើនផង បានធ្វើឲ្យក្រុមហ៊ុនធំៗដែលជួញដូរលើវិស័យមួយនេះ សំងំកើបលុយបានច្រើនសន្ធឹកពីឱកាសដ៏កម្របែបនេះ។
ខាងក្រោមនេះគឺជារបាយការណ៍ត្រួសៗរៀបរាប់ពីប្រាក់ចំណូលប្រចាំត្រីមាសទី ២ នៃឆ្នាំ ២០២២ របស់ក្រុមហ៊ុនប្រេងធំៗទូទាំងពិភពលោកផ្ដល់ឲ្យដោយសារព័ត៌មាន Capital៖
1/ ក្រុមហ៊ុន Exxon Mobil ទទួលបានប្រាក់ចំណេញច្រើនជាង ៥០ ពាន់លានដុល្លារនៅត្រីមាសទី ២ នៃឆ្នាំ ២០២២។
2/ ក្រុមហ៊ុន Chevron ដែលប្រកបអាជីវកម្មនៅកម្ពុជាក្រោមស្លាកយីហោ CALTEX ទទួលបានប្រាក់ចំណេញប្រមាណ ១១,៦ ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅជិត ៤ ដង ពោលកាលពីឆ្នាំ ២០២១ ក្រុមហ៊ុនខាងលើទទួលបានប្រាក់ចំណេញត្រឹម ៣,១ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា។
3/ ក្រុមហ៊ុន Royal Dutch Shell PLC សម្រាប់ត្រីមាសទី ២ នេះវិញ Shell ទទួលបានប្រាក់ចំណេញប្រមាណ ១១,៥ ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅទ្វេដង និងកើនឡើងពី ៩,១ ពាន់លានដុល្លារនៅត្រីមាសទី ១ នៃឆ្នាំ ២០២២។
4/ ក្រុមហ៊ុន TotalEnergies វិញ គឺរកប្រាក់ចំណេញសម្រាប់ត្រីមាសទី ២ នៃឆ្នាំ ២០២២ បានប្រមាណជិត ១០ ពាន់លានដុល្លារ តិចជាងក្រុមហ៊ុនគូប្រជែងដទៃបន្តិច។
ដោយឡែក សម្រាប់ក្រុមហ៊ុនប្រេងជួរមុខប្រទេសថៃ PTT វិញក៏បានទម្លាយពីរបាយការណ៍ចំណូលប្រចាំត្រីមាសរបស់ពួកគេផងដែរ ប៉ុន្តែមានត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២២ ប៉ុណ្ណោះ ពោលរកបានប្រាក់ចំណេញប្រមាណ ៣ ៨៤៥ លានបាត ឬជាង ១០៨ លានដុល្លារអាមេរិក៕