រដ្ឋមន្រ្តីក្រសួងគ្រាក់ៗ ៩រូប រួមទាំង ១៥រូបទៀត ជាអគ្គលេខាធិការ រដ្ឋលេខាធិការ មន្រ្តីរដ្ឋាភិបាល និងអភិបាលខេត្ត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងដឹកនាំគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ នេះបើយោងតាមអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ចំនួន ៥ទំព័រ ចុះហេត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គណៈកម្មាធិការនេះមានសមាសភាពសរុបចំនួន ២៥រូប ដែលមានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប គឺទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ និងមានរដ្ឋមន្រ្តី ៦រូបទៀតជាសមាជិក គឺលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
គណៈកម្មការនេះ ត្រូវប្រើប្រាស់កញ្ចប់ថវិការបស់គណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដែលជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់។
កាលពីថ្ងៃទី ១៧ តុលា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចជ្រើសរើសវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន (UPDIS) របស់ប្រទេសចិន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី និងជាមជ្ឈមណ្ឌលឡូជីស្ទិក និងរមណីយដ្ឋានក្នុងតំបន់។
ផែនការមេនេះអាចចំណាយពេលសិក្សា ១៨ ខែ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់អភិវឌ្ឍក្រុងព្រះសីហនុទៅជា «ទីក្រុង Shenzhen ទី ២» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែតុលា និយាយថា កម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចក្លាយជា «ក្បាលម៉ាស៊ីនស្នូល» ថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕