កាលពីឆ្នាំ២០១៩ ទីផ្សារខុនដូ នៅកម្ពុជាហាក់បានកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ដែលសុទ្ធសឹងតែជាគម្រោងយក្ស ប៉ុន្តែក្នុងនោះក៏មានការផ្លាស់ប្តូរផងដែរ ពីការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់ មកជាការផ្គត់ផ្គង់តម្លៃសមរម្យដូចបុរីតម្លៃខ្ពស់ មកជាបុរីតម្លៃសមរម្យដែរ។
ទន្ទឹមគ្នានេះ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា ក៏បានអះអាងថា ខុនដូតម្លៃសមរម្យ កំពុងមានការទាក់ទាញ និងកាន់តែត្រួវប៉ាន់ខ្លាំងពីទីផ្សារក្នុងស្រុក។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ការវិនិយោគលើទីផ្សារខុនដូ ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម ពួកគេអាចទទួលបានជោគជ័យ ដោយសារប្រជាជនក្នុងស្រុកអាចមានលទ្ធភាពទិញនៅបាន ហើយនិន្នាការប្រជាជនក្នុងស្រុក ដែលទិញខុនដូ ក៏មានការកើនឡើងផងដែរ ខណៈដែលប្រជាជនកម្ពុជាវ័យក្មេងភាគច្រើន ចាប់ផ្តើមចង់រស់នៅក្នុងជីវិតបែបឯករាជ្យ និងម្យ៉ាង បញ្ហាចម្ងាយផ្លូវ និងបញ្ហាកកស្ទះចរាចរណ៍ខ្លាំងនៅក្នុងទីក្រុង ក៏ជាមូលហេតុមួយផងដែរ។
ចំណែក លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងដែរថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ដុល្លារ/ម៉ែត្រការ៉េ។
បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ៥៥ ភាគរយ ក្នុងនោះ ទីផ្សារខុនដូតម្លៃសមរម្យ (affordable) មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោមអតិថិជនក្នុងស្រុក៕ អត្ថបទ៖ សិរីកា