តម្រូវ​​ចិត្ត​អតិថិជន សហគ្រិន​មួយដេ​រ​អាវ​ពាក់ក្រៅលក់​បាន ១៥ ដុល្លារទៅដល់ ៣៥ ដុល្លារ​

អាជីវកម្ម

សហគ្រាស ម៉ីស សូ ខេមបូឌា ( Miss SEW Cambodia) មានទីតាំងនៅខេត្តសៀមរាបដែលជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេសរបស់កម្ពុជា​ពោលគឺតំបន់នេះមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើនចូលមកលេង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ស៊ុន សុភ័ក្រ ជា ស្ថាបនិកនិងជាសហគ្រិនឆ្នើមដែលចេះបត់បែនតាមកាលៈទេសៈ ចេះផ្លាស់ប្ដូរស្ថានការណ៍ក្នុងអាជីវកម្មរបស់ខ្លួន។

សហគ្រាស Miss SEW Cambodia ជាសហគ្រាសមួយដែលលេចរូបរាងឡើងតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ កាលនោះលោកស្រី​បើកជាសហគ្រាសដេរវាំងននសម្រាប់លម្អផ្ទះ លុះក្រោយមកដល់ឆ្នាំ ២០១៨ ទើបប្ដូរមកជាដេរអាវក្រៅគីម៉ូណូនេះវិញ ដោយសារបច្ចុប្បន្នមានគេនិយមពាក់ច្រើន។

លោកស្រីបានបន្តថា មូលហេតុដែលសម្រេចចិត្តបើកសហគ្រាសនេះឡើង ព្រោះចង់ជួយអ្នកដែលមានសមត្ថភាពខាងដេរតែគ្មានការងារធ្វើ។

ចំពោះការមើលឃើញក្នុងការផលិតនេះលោកស្រីមានបំណងចង់បើកតាំង២០១៥ មកម្ល៉េះ តែដោយសារមានបញ្ហាមួយចំនួន រហូតមក២០១៨ អាវនេះទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវបរទេស រួមទាំងបងប្អូននៅក្នុងស្រុក ។

អាវគីម៉ូណូនេះធ្វើពី ផូលីសជីសស្ទើដែលជាក្រណាត់ងាយស្រួលពាក់ មិនពិបាកអ៊ុតច្រើន ក្រណាត់ប្រភេទហ្វីនិន លីឡុង និងក្រណាត់កាតុង ដែលជាប្រភេទអំបោះធម្មជាតិងាយស្រួលក្នុងការពាក់។ ដោយឡែកអាវក្រៅវែងនេះលោកស្រី​ធ្វើតែមួយទំហំ តែប៉ុណ្ណោះ ដោយផ្ដោតទៅលើអ្នកពាក់ដែលគាត់ស្រឡាញ់ ចូលចិត្តអាវនេះ ហើយពាក់បានគ្រប់ភេទ គ្រប់វ័យទាំងអស់។

ទៅថ្ងៃអនាគតសហគ្រិនឆ្នើមរូបនេះ មានចក្ខុវិស័យពង្រីកសហគ្រាសរបស់គាត់ឱ្យកាន់តែធំ មានជាងដេរផ្ទាល់នៅក្នុង​ហាង ព្រមទាំងខិតខំរកម៉ូដថ្មីៗជូនអតិថិជន។

ទន្នឹមនឹងភាពជោគជ័យនេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរគឺពិបាកក្នុងការគ្រប់គ្រងអ្នកដេរអាវព្រោះទីតាំងនៅឆ្ងាយពីគ្នាហើយរវល់ច្រើន ដោយបំណងចង់ឱ្យគុណភាពនៃការដេររបស់គាត់ប្រហាក់ប្រហែលគ្នា។

ឆ្លើយតបដោយឥតលាក់លៀមលោកស្រីក៏ប្រាប់ឧកញ៉ាញូស៍ផងដែរថា ការបើកសហគ្រាសនេះចាយដើមទុនប្រមាណជា ១០០០ដុល្លារជាងហើយដែលការចំណាយនេះលោកស្រីបែងចែកជាពីរ ព្រោះការបើកសហគ្រាសនេះមានដំណើរការ២ដង ដែលកាលបើកលើកទី១ទទួលបានការបរាជ័យ។

គួរដឹងផងដែរ តម្លៃអាវក្នុងមួយមានតម្លៃចាប់ពី ១៥ ដុល្លារទៅដល់ ៣៥ ដុល្លារ​៕