ប្រធានាធិបតីអាមេរិក គ្រោងផ្ដល់ជំនួយរាប់សិបពាន់លានដុល្លារលើការផលិតឈីប ប្រជែងជាមួយចិន

អន្តរជាតិ

កាលពីថ្ងៃអង្គារ​កន្លង​ទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាន​ចុះ​ហត្ថលេខា​អនុម័ត​លើ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៥២,៧ ពាន់​លាន​ដុល្លារ សម្រាប់​ការ​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​នៅ​អាមេរិក​ក្នុង​ការ​ផលិត និង​ស្រាវជ្រាវ ជាមួយ​គោលបំណង​ប្រកួតប្រជែង​ជាមួយ​ចិន​លើ​ទីផ្សារ​អន្តរជាតិ។ នេះបើតាម​ការ​ចុះផ្សាយ​ពី Aljazeera។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក​ រដ្ឋបាល​បៃឌិន ធ្លាប់​បាន​សង្កត់​ធ្ងន់ដែរ​ថា ច្បាប់ CHIPS and Science Act គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្តិសុខ​ជាតិ​ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ចិន និង​កាត់បន្ថយ​ការ​ពឹងផ្អែក​របស់​អាមេរិក​លើ​តៃវ៉ាន់ និង​កូរ៉េខាងត្បូង​សម្រាប់​វិស័យ​បច្ចេកវិទ្យា។

យ៉ាងណា កញ្ចប់​លុយ​បាន​ទម្លាក់​ហើយ​មែន​ក្ដី ប៉ុន្តែ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​នៅ​មិនទាន់​បញ្ចេញ​ជា​ផ្លូវការ​សម្រាប់​ក្រុមហ៊ុន​រក​ស៊ី​លើ​វិស័យ​ផលិត​ឈីប ដើម្បី​អាច​ស្នើសុំ​កញ្ចប់​ជំនួយ​បាន​នៅឡើយ។

សូមជម្រាប​ដែរ​ថា រយៈកាលប៉ុន្មាន​ចុងក្រោយ​នេះ ក្រុមហ៊ុន​ផលិត​ឈីប​នៅ​អាមេរិក​បាន​ជះ​លុយ​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​បណ្ដាក់ទុន តួយ៉ាង​ដូចជា Qualcomm គម្រោង​ចាយ​លុយ ៧,៤ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ឈីប​ពី​ពេលនេះ ដល់​ឆ្នាំ ២០២៨ ជាដើម៕