បណ្ឌិត សឹង រេត កើតចេញពីត្រកូលគ្រួសារក្រីក្រមួយ ធ្លាប់មិនមានសូម្បីស្បែកជើងពាក់ និងធ្លាប់ទៅលួចមើលគេសិក្សាពីចម្ងាយ (ក្រៅបង្អួច) ព្រោះគ្មានលុយបង់ថ្លៃសាលា ប៉ុន្តែទីបំផុតលោកបានតស៊ូក្នុងជីវិត រហូតរៀនចប់ថ្នាក់ក្រោយបណ្ឌិតនៅប្រទេសបែលហ្សិក និងបានក្លាយជាជនជាតិខ្មែរដំបូងគេ ដែលបានទៅបង្ហាត់បង្រៀនសិស្សនៅប្រទេសមហាអំណាច សហរដ្ឋអាមេរិក និងប្រទេសចិន។
លោកបណ្ឌិត សឹង រេត បានរៀបរាប់លើហ្វេសបុក កាលពីថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ ថា លោកខិតខំរៀន បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតរៀនចប់ថ្នាក់បណ្ឌិត ក្រោមកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសបែលហ្សិក និងថ្នាក់ក្រោយបណ្ឌិត នៅបែលហ្សិក។ បន្ទាប់មក លោកបានក្លាយជាសាស្ត្រាចារ្យសេដ្ឋកិច្ចក្នុងកម្មវិធី Fulbright Lecturing Program រយៈពេលមួយឆ្នាំសិក្សា ២០១៦-២០១៧ នៅរដ្ឋ Massachusetts សហរដ្ឋអាម៉េរិក ព្រមទាំងបានបម្រើការងារដោយស្មោះត្រង់បំផុតទាំងកម្លាំងកាយចិត្ត ជូនជាតិមាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នាចាប់តាំងពីឆ្នាំ១៩៩៨មក ហើយបច្ចុប្បន្ន លោកបានសល់ទ្រព្យជាសៀវភៅមួយទូដែរ។
លោកបានបន្តថា សូមអរគុណណាស់ ចំពោះកាដូទូដ៏ប្រណិតនេះ។ សម្រាប់សៀវភៅដ៏កំសត់ទាំងនេះ ដែលស្ថិតក្នុងបាវអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងរយៈពេល១ឆ្នាំនៅសហរដ្ឋអាម៉េរិក លោកមានឱកាសចែករំលែកអំពីជីវិតជាសិស្សក្នុងអំឡុងឆ្នាំ១៩៧៩-១៩៩២ និង ជីវិតជានិស្សិតស្នាក់នៅវត្ត ជាមួយព្រះសង្ឃ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិភ្នំពេញឆ្នាំ១៩៩៣-១៩៩៧ ដល់សិស្ស និង និស្សិតអាម៉េរិកជាច្រើនដង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍពីចំណុចសូន្យរបស់កម្ពុជា រហូតដល់មានការរីចម្រើនលើគ្រប់វិស័យ ព្រមទាំងអំពីដំណើរការសិក្សាររបស់លោក តាំងពីក្មេងគ្មានទ្រនាប់ជើង (a boy without shoes) រហូតបានក្លាយជាសាស្ត្រាចារ្យសេដ្ឋកិច្ចបង្រៀននៅសហរដ្ឋអាមេរិក ។
បណ្ឌិត សឹង រេត កើតឆ្នាំ១៩៧៣ (មុនរបបខ្មែរក្រហម ២ឆ្នាំ) មានស្រុកកំណើត នៅឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ លោកចូលរៀនដំបូងឆ្នាំ១៩៨០ និងចប់បាក់ឌុបឆ្នាំ១៩៩២ ទើបឡើងមករាជធានីភ្នំពេញ បន្តរៀនបរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជីវិតកូនអ្នកស្រែ ឡើងមកភ្នំពេញពេលនោះ លោកបញ្ជាក់ថា លោកមិនចេះអង់គ្លេសសូម្បីមួយមាត់។ តែដោយចិត្តស្រឡាញ់ការសិក្សាចង់រៀន ពេលម៉ោងសម្រាកបាយថ្ងៃត្រង់ លោកក៏ជិះកង់ចាស់មួយ ទៅលួចមើលគេរៀនអង់គ្លេសនៅសាលាបាក់ទូក ពីចម្ងាយ (ក្រៅបង្អួច) ព្រោះគ្មានលុយបង់ថ្លៃរៀនគួរនឹងគេ។
ការតស៊ូទាំងនោះ ធ្វើឱ្យលោកមានឱកាសជាប់អាហារូបករណ៍ទៅរៀននៅប្រទេសបែលហ្សិក ២០០៣ លើកម្រិតបណ្ឌិតសេដ្ឋកិច្ច។ ក្រោយមក ក៏ជាប់ថ្នាក់ក្រោយបណ្ឌិតថែមទៀត នៅឆ្នាំ២០០៩ ដោយជាប់លក្ខខណ្ឌត្រូវធ្វើការឱ្យប្រទេសបែលហ្សិក រយៈពេល២ឆ្នាំ ប៉ុន្តែលោកធ្វើបានតែ១ឆ្នាំ ក៏សុំគេត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ២០១០ ព្រោះចង់ជួយប្រទេសកំណើត តាមរយៈជួយបណ្តុះបណ្តាល អ្នកជំនាន់ក្រោយ។
លោកបណ្ឌិត ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ហើយការងារស្រាវជ្រាវរបស់លោក ក៏ត្រូវបានទទួលឱ្យធ្វើបទបង្ហាញនៅសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសប៊ែលហ្ស៊ិក ប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី និងប្រទេសថៃផងដែរ។ បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យនៃ Journal of Business and Management ហើយក៏ជាសមាជិក (Council of Fellows) នៃ East Asian and Economic Association (EAEA)។
បច្ចុប្បន្ន បណ្ឌិត សឹង រេត មានតួនាទីជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការផងដែរ។ លោក ក៏ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យជាន់ខ្ពស់ ជួយណែនាំថ្នាក់និក្ខេបទបណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល ផងដែរ៕