បច្ចុប្បន្ន ស្ថានការណ៍សេដ្ឋកិច្ចនៅប្រទេសឡាវ គឺកំពុងប្រឈមនឹងការជួបវិបត្តិសេដ្ឋកិច្ចគ្រប់ពេលវេលា ដ្បិតការផ្គត់ផ្គង់ប្រេងនៅក្នុងប្រទេសកំពុងមានការខ្វះខាតជាខ្លាំង។ នេះបើតាមការចុះផ្សាយពី Nikkei។
ទន្ទឹមនឹងនោះ ធនាគារពិភពលោកក៏បានរាយការណ៍បន្ថែមដែរថា វិធីសាស្ត្រមួយដែលអាចជួយឲ្យឡាវស្ដារសេដ្ឋកិច្ចរបស់ពួកគេមកវិញបាន គឺបង្កើតឱកាសការងារដែលទាក់ទងនឹងការពន្លឿនសេដ្ឋកិច្ចឲ្យបានច្រើនជាងមុន។
ប្រភពដដែលបានបន្ថែមទៀតថា ដើម្បីអាចបង្កើតឱកាសការងារឲ្យបានកាន់តែច្រើន រដ្ឋាភិបាលឡាវគួរតែព្យាយាមអូសទាញវិនិយោគិនក្រៅស្រុក ឬក្រុមហ៊ុនឯកជនឲ្យបានច្រើន ដើម្បីបង្កើតការប្រកួតប្រជែងខ្ពស់ ជាជាងពឹងផ្អែកទាំងស្រុងលើការលក់សមិទ្ធផលរ៉ែធម្មជាតិដែលមានស្រាប់។
សូមជម្រាបដែរថា ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា ប្រជាជនជាង ៦០% នៅឡាវ ពឹងផ្អែកខ្លាំងលើវិស័យការងារទាក់ទងនឹងកសិកម្ម និងព្រៃឈើ ខណៈប្រជាជន ២/៣ នៅជនបទ ប្រាស្រ័យស្ទើរទាំងស្រុងលើព្រៃឈើ ក្នុងការស្វែងរកអាហារ ឥន្ធនៈ និងថ្នាំសង្កូវ៕