ចាប់តាំងពីបានឈានមកធ្វើជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមក ឯកឧត្តម គួច ចំរើន បានសម្រេចសមិទ្ធផលដុំកំភួនជាច្រើន ដោយបានរៀបចំតំបន់ឆ្នេរឲ្យមានរបៀបរៀបរយ និងបើកឲ្យប្រជាពលរដ្ឋទៅក្រាលកន្ទេល បោះតង់ដោយសេរីនោះ នៅ១ម៉ោងមុននេះ ឯកឧត្តម បានផ្ញើសារដល់អាជ្ញាធរមូលដ្ឋានឲ្យរៀបចំកែលម្អខ្លួនត្រៀមខ្លួនបម្រើរាស្ត្រថែមទៀត។
“មេឃុំ ចៅសង្កាត់ ត្រូវចេះកែលម្អខ្លួនរបស់យើង ដើម្បីទទួលយកការសរសើរ និងការគាំទ្រ គឺស្មើនឹងការទទួលបានសន្លឹកឆ្នោត”។ប្រសាសន៍របស់ ឯកឧត្តម គួច ចំរើន ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ ។
ឯកឧត្តម បានក្រើនរំលឹកដល់ មេឃុំ ចៅសង្កាត់ ត្រូវខិតខំក្នុងការបម្រើ និងផ្ដល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ អោយបានលឿន ធ្វើអោយត្រូវ និងមានតម្លាភាព ។ ឯកឧត្តម បានបញ្ជាក់ថា នៅពេលណាដែលធ្វើការល្អ ផ្ដល់សេវាជូនប្រជាពលរដ្ឋ បានលឿន ត្រឹមត្រូវ និងមានតម្លាភាព ហើយ ប្រជាពលរដ្ឋប្រាកដជាគោរពស្រឡាញ់ និងគាំទ្រជាក់ជាមិនខាន។
នេះជាសកម្មភាពវិជ្ជមានមួយទៀត បន្ទាប់ពីព្រឹកមិញ ឯកឧត្តម គូសបញ្ជាក់ពីការអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្តនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ អាចក្រាលកន្ទេល បោះតង់សម្រាក ដោយសេរី និងមិនគិតថ្លៃសេវាឡើយ ហើយនឹងមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់វាតទីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិឡើយ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ទំព័រ “ប្រតិកម្មរហ័សខេត្តព្រះសីហនុ” ដដែល បានឲ្យដឹងទៀតថា ជំនួសឲ្យការក្រាលកន្ទេល បោះតង់សម្រាកកម្សាន្តមិនតម្រូវឲ្យបង់ប្រាក់នោះ គណៈអភិបាលខេត្តព្រះសីហនុ គ្រាន់តែសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋវេចខ្ចប់កាកសំណល់ផ្សេងៗដោយខ្លួនឯង និងទុកដាក់ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ៕