រយៈពេលប៉ុន្មានខែចុងក្រោយនេះ វិស័យអចលនទ្រព្យនៅប្រទេសចិនគឺកំពុងជួបប្រទះជាមួយនឹវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បណ្ដាលឲ្យអតិថិជនជាច្រើនពាន់នាក់បដិសេធ មិនព្រមបង់លុយបន្តលើគម្រោងដែលកំពុងសាងសង់ ជាហេតុធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងការក្ស័យធនគ្រប់ពេល។
ដោយបានមើលឃើញពីបញ្ហាដ៏ធំនេះ រដ្ឋាភិបាលចិនបានសម្រេចចិត្តបញ្ចេញកញ្ចប់ជំនួយទ្រទ្រង់ស្ថានការណ៍ហិរញ្ញវត្ថុលើវិស័យអចលនទ្រព្យប្រមាណ ១៤៨ ពាន់លានដុល្លារ ប៉ុន្តែអ្នកជំនាញបានទម្លាយថា ទឹកប្រាក់ខាងលើគឺនៅស្ទើរណាស់ បើសិនជាចង់ដោះស្រាយវិបត្តិមួយនេះ។
យោងតាមការអះអាងពី Capital Economics បានសន្និដ្ឋានថា ក្រុមហ៊ុនទាំងអស់ត្រូវការប្រាក់យ៉ាងតិច ៤៤៤ ពាន់លានដុល្លារ ដើម្បីអាចបញ្ចប់គម្រោងដែលកំពុងជាប់គាំងទាំងអស់ ខណៈក្រុមហ៊ុនទាំងនោះមានផលវិបាកក្នុងការទៅខ្ចីបុលពីធនាគារ ជាពិសេសគឺធនាគារនៅតំបន់ដាច់ស្រយាលដែលមិនមានលទ្ធភាពក្នុងការផ្ដល់កម្ចីទ្រង់ទ្រាយធំបាន។
បន្ថែមពីនោះ ពួកគេបានសង្កត់ធ្ងន់ថា ទោះបីជាការសាងសង់ចាប់ផ្ដើមបន្តក្ដី ប៉ុន្តែមានក្រុមហ៊ុនមិនច្រើនឡើយដែលអាចក្រោកឈរនឹងនរវិញបាន ដ្បិតការលក់ផ្ទះនឹងមិនអាចត្រូវប៉ាន់ដូចមុនឡើយ ពោលទិន្នន័យលក់ផ្ទះរបស់ក្រុមហ៊ុន ១០០ ជំនាញផ្នែកអចលនទ្រព្យធ្លាក់ចុះជិត ៤០% នៅខែកក្កដា បើធៀបនឹងឆ្នាំទៅ៕