ចេតីយ៍តម្កល់សព បិតាបង្កើតអ្នកឧកញ៉ា ហ៊ុន តូ សម្រេចបានប្រមាណ ៣០%

ជុំវិញ​ឧកញ៉ា

នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃខួបគម្រប់ ១០០ថ្ងៃបុណ្យសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បិតាបង្កើតអ្នកឧកញ៉ា ហ៊ុន តូ ដែលសម្តេចឧត្តមទេពញាណ ទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិគ្រឹះនាខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានជិះឧទ្ធម្ភាចក្រ ដែលអមដំណើរដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១១សីហានេះ។ ក្នុងនោះផងដែរ សម្តេចតេជោ ក៏បានអញ្ជើញទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ខណៈមកដល់ពេលនេះចេតីយ៍នេះ ស្ថាបនាហើយប្រមាណ ៣០ភារយ ដោយគ្រោងបញ្ចប់រយៈពេល១ឆ្នាំ។

 សូមជម្រាបជូនថា ចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ១១ម៉ែត្របួនជ្រុង និងកម្ពស់៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ 

គួររម្លឹកបន្តិចថា ប៉ុន្មានថ្ងៃក្រោយទទួលមរណភាពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំង ជា«សម្ដេចឧត្ដមទេពញាណ»។

សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង គឺជាអតីតអ្នកដំណាងរាស្រ្តមណ្ឌលកំពង់ចាម ហើយជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា។ សម្តេចក៏ធ្លាប់កាន់តំណែងជាអភិបាលខេត្តកំពង់ចាម។

ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះ គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ។ 

ពេញមួយជីវិតរបស់សម្តេច ពិសេសពេលវេលាដែលលោកបានមកដឹកនាំនៅខេត្តកំពង់ចាម តែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ នៅខេត្តកំពង់ចាម។ តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យលោកទទួលបាននូវការ គោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕