មិនទុកដីចោល ដាំ​ម្នាស់​ទឹក​ឃ្មុំ​កន្លះ​ហិកតា​ មួយ​រដូវ​ទទួល​បាន​ចំណូល​ ៣ លាន​ទៅ ៥ លាន​រៀល

អាជីវកម្ម

មិន​ទុក​ដី​ទំនេរ​ចោល​ ក​សិ​ករ​ម្នាក់​មាន​ដី​ត្រឹមតែ​កន្លះ​ហិកតា​ ដាំ​ម្នាស់​លក់​ ចំណូល​ខ្ទង់​ ៣ លាន ទៅ​ ៥ លាន​រៀល​ ក្នុង​មួយ​រដូវ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកស្រី នាង វួចលីន កសិករដាំម្នាស់ទឹកឃ្មុំ

ស្ថិត​ក្នុង​ភូមិ​ របោះមង្គល ឃុំ របោះមង្គល ស្រុក មោងឬស្សី ខេត្ត បាត់ដំបង អ្នក​ស្រី នាង​ វួចលីន​​ បាន​​ដាំ​ម្នាស់​នេះ​ជាង​ ២ ឆ្នាំ​ មក​ហើយ​ ដែល​ពូជ​ម្នាស់​អ្នក​ស្រី​ជ្រើស​រើស​ដាំ​ជា​ប្រភេទ​ម្នាស់​ទឹក​ឃ្មុំ​ ស្រុក​មោងឬស្សី ដែល​ពូជ​ម្នាស់​នេះ​ដាំ​រយៈ​ពេល​ចាប់​ពី​ ៩ ទៅ ១០​ ខែ អាច​ប្រមូល​ផល​បាន​ ដោយ​ក្នុង​មួយ​ឆ្នាំ​ ប្រមូល​ផល​តែ​ម្តង​ ហើយទុកដីរយៈពេល ២ ទៅ ៣ ខែទើបអាចភ្ជួរ រាស់ ដាំ បន្តទៀតបាន ។

អ្នក​ស្រី បាន​បន្ត​ថា ចំពោះ​ចំណូល​ដែល​ទទួល​បាន​ក្នុង​មួយ​រដូវ​ ចន្លោះ​ពី​ ២០០ ទៅ ៣០០ ឡូ ដោយ​មួយ​ឡូ​មាន​តម្លៃ​ ១៨០០០ រៀល បើ​គិត​ជា​ទឹក​លុយ​ប្រមាណ​ ៣ ៦០ ០០០០ ទៅ ៥ ៤០ ០០០០ រៀល ។

ជា​មួយ​គ្នា​នេះ​ដែរ ហេតុ​ផល​ដែល​អ្នក​ស្រី​ដាំ​ម្នាស់​ពូជ​នេះ​ ដោយ​សារ​មើល​ឃើញ​ថា វា​មាន​ភាព​ងាយ​ស្រួល​ដាំ​ មិន​ពិបាក​ថែ​ទាំ​ ដូច​ជា​ ការ​មិន​ចាំ​បាច់​មាន​ប្រព័ន្ធ​ទឹក​ ដូច​ដំណាំ​ដទៃ​ឡើយ​។ ចំណែក​ឯ​ ទីផ្សារ​វិញ​គឺ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ​ ព្រោះ​ ផ្លែ​ម្នាស់​ប្រភេទ​នេះ​សព្វ​ថ្ងៃ​នៅ​មិន​ទាន់​បំពេញ​តម្រូវ​ការ​អតិថិជន​គ្រប់​គ្រាន់​ទេ​ ពោល​គឺ​ ងាយ​ស្រួល​ក្នុង​ការ​លក់​ចេញ​ ដល់ខែប្រមូលផល ឈ្មួញ អតិថិជន មកទិញដល់កន្លែង។

ទន្ទឹម​នឹង​នោះ​ កសិករ​វ័យ​ក្មេង​រូប​នេះ​ មាន​ការ​រំពឹង​ និង ជឿ​ជាក់​ថា ទៅ​អនាគត​ម្នាស់​ទឹក​ឃ្មុំ​ ស្រុក​មោងឬស្សី​ នៅ​តែ​មាន​ទី​ផ្សារ​ មាន​តម្រូវ​ការ​អតិថិជន​ ជា​និរន្តរ ព្រោះ បច្ចុប្បន្ន គ្រប់​បណ្តា​ខេត្ត​ ក្រុង​ មិន​ថា​ក្នុង​ផ្សារ​ទំនើប​ ឬ ម៉ាត​ គឺ​តែងតែ​ ត្រូវ​ការ​ ដោយ​ទាំង​ផ្លែ​ស្រស់​ និង​ យក​ទៅ​កែច្នៃ​ជា​ដើម​ មិន​តែ​ប៉ុណ្ណោះ​អតិថិជន​ដែល​មាន​ជីវភាព​ មិន​សូវ​ធូរធារ​ ក៏​អាច​ទិញ​បាន​ នេះ​ដោយ​សារ​តែ​ផ្លែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ម្នាស់​ដទៃ​​ ៕​