ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងជំនួបនេះ សម្ដេចក្រឡហាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកឡើវិញនូវអតីតកាល នាសម័យប្លុកសហភាពសូវៀត ប្រទេសបេឡារុស បានចូលរួមចំណែកក្នុងដំណើរការកសាង និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយមកដល់ពេលនេះ សម្ដេចបានមានប្រសាន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបេឡារុស ក៏នៅតែមានភាពល្អប្រសើរ។
ជាមូយគ្នានេះ ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា បានថ្លែងអំណរគុណសម្ដេច និងចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមានសារៈសំខាន់សម្រាប់បេឡារុស ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ជាពិសេសកម្ពុជាជាប្រទេសសមាជិកអាស៊ាន។
ឯកឧត្តមបានជម្រាបជូនសម្ដេចអំពីទំនាក់ទំនងដ៏ល្អរវាងប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សាធារណរដ្ឋបេឡារុស ហើយបន្ទាប់មកក៏មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបេឡារុសមកកាន់ព្រះរាជាណាចក្រកម្ពុជាដែរ ដែលនេះគឺជាបុព្វហេតុនាំឱ្យភាគីទាំងពីរត្រូវតែបន្តពង្រីក និងពង្រឹងបន្ថែមទៀត ពិសេសលើវិស័យសេដ្ឋកិច្ច។
ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជម្រាបសម្ដេចថា បេឡារុស គឺជាប្រទេសដែលមានជំនាញលើវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងនោះ មួយភាគបីនៃឧស្សាហកម្មធុនធ្ងន់ គឺការផលិតរថយន្តធុនធ្ងន់ បានគ្របដណ្ដប់ទីផ្សារពិភពលោក ហើយនេះគឺជាមូលហេតុមួយដែរ ដែលជំរុញឱ្យឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានជួបជាមួយស្ថាប័នពាក់ព័ន្ធស្វែងរកឱកាសបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ បេឡារុស មានរោចក្រផលិតរថយន្តធុនធ្ងន់នៅប្រទេសវៀតណាម ដោយផ្ដោតលើទីផ្សារតំបន់អាស៊ាន ហើយក៏រំពឹងថានឹងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងបណ្ដាប្រទេសនានាផ្សេងទៀត ដូចជាប្រទេសកម្ពុជាជាដើម។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងអបអរសាទរចំពោះវត្តមាននៃការស្វែងរកឱកាសវិនិយោគរបស់ឯកឧត្តមនាពេលនេះ ហើយសម្ដេចបានសម្ដែងការឯកភាពចំពោះការបន្តពង្រីកបន្ថែមនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្ដេចក៏បានទទួលស្គាល់នូវភាពល្បីល្បាញចំពោះឧស្សាហកម្មធុនធ្ងន់បេឡារុស និងគាំទ្រចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា សម្រាប់កម្ពុជា បេឡារុស គឺជាមិត្តចាស់ ដែលកម្ពូជាចាំបាច់ត្រូវបន្តពង្រឹង ពង្រីកទំនាក់ទំនងនេះ។ សម្ដេចបានស្នើឯកឧត្តមពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើវិស័យពាក់ព័ន្ធនឹងនគរបាលជាតិផងដែរ។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងការទ្រចំពោះការលើកឡើងរបស់សម្ដេចដែលចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងកិច្ចការផ្ទៃក្នុងរបស់បេឡារុស ហើយថាតាមរយៈការបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើការងារប្រយុទ្ធប្រឆាំថឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗ ដែលស្របនឹងតួនាទីភាពរកិច្ចរបស់ក្រសួងមហាផ្ទៃ ពិសេសការងារសន្តិសុខជាតិ៕