ក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ចង់សាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញបំណងចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស គោលបំណងនៃជំនួបនេះគឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។ ជាងនេះទៀត ក៏ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហាចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្របសម្រួលខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។

ជាមួយនឹងការលើកឡើងនេះដែរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសារធារណការ ឯកឧត្តម តូច ចាន់កុសល ក៏បានជម្រាបជូនអំពីការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs នៅទីស្តីការក្រសួង និងបណ្តារាជធានី-ខេត្តមួយចំនួន។

ជាមួយគ្នានោះ ឯកឧត្តមថា ក្រសួងក៏មានការសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញថែមទៀត។

សូមជម្រាបជូនថា៖ ក្រុមហ៊ុន Arup បានបង្ហាញនូវវិស័យសក្កានុពលដែលខ្លួនចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី) និង បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធ ទៅនឹងលទ្ធកម្មផងដែរ។

ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនខាងលើ ក៏បានជម្រាបជូនផងដែរ អំពីគម្រោងរៀបចំសិក្ខាសាលាមួយនៅកម្ពុជាដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យដឹកជញ្ជូនរបស់កម្ពុជា ក្នុងគោលដៅសម្រេចបាននូវការកាត់បន្ថយកាបូនឱ្យនៅកម្រិតសូន្យនាពេលឆាប់ៗនេះថែមទៀត៕