តើអ្នកឧកញ៉ា លី យ៉ុងផាត់ មានអាជីវកម្មធំៗអ្វីខ្លះ នៅក្នុងរាជធានីភ្នំពេញ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group​ ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលក្ដោប​​ក្ដាប់​អា​ណាចក្រជំនួញ​ធំៗ​ជាពហុវិស័យ ​នៅ​​ក្នុង​រាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន នៃ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូន​អាជីវកម្ម​​ធំៗ​ចំនួន ១៣ របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់​តែ​នៅ​ក្នុង​រាជធានីភ្នំពេញ មាន​ដូច​ខាង​ក្រោម៖

១. សណ្ឋាគារភ្នំពេញ៖ បើកដំណើរការកាលឆ្នាំ២០០៣ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ លើដីឡូត៍លេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

២. សណ្ឋាគារ Garden City៖ បើកដំណើរការ កាលខែតុលា ឆ្នាំ២០១៥ ដោយចំណាយការ​វិនិយោគ​ក្នុងទំហំទឹកប្រាក់ ៨០លានដុល្លារ។ ទីតាំងនៅផ្លូវ លីយ៉ុងផាត់ សង្កាត់ព្រែក​តាសេក ខណ្ឌឫស្សីកែវ។

៣. ទីលានវាយកូនគោល Garden City Golf Club)៖ បង្កើតឡើងកាលខែមេសា ឆ្នាំ២០១៣ ក្នុងទំហំ​ទឹកប្រាក់​វិនិយោគ ២០​លាន​ដុល្លារ។

៤. ក្រុមហ៊ុនអចលនទ្រព្យ Phnom Penh Garden City Real Estate៖ ជាគម្រោងវិស័យ​អចលនទ្រព្យ​ដ៏​ធំ​លើ​ផ្ទៃដី​ ២០០០​ហិកតា ជា​តំបន់​អភិវឌ្ឍ​លំនៅឋាន ​​ដែល​រួម​បញ្ចូល​ទាំង​អាជីវកម្ម ការ​កម្សាន្ត និង​កែ​លំហែកាយ។

៥. សួនសត្វភ្នំពេញសាហ្វារី៖ ជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក ក៏ដូចជាសត្វព្រៃ​ជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។​ សួនសត្វនេះ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនជាង ១០លានដុល្លារ និងមានទីតាំងនៅផ្លូវលីយ៉ុងផាត់ និងមានចម្ងាយប្រមាណ ២១គីឡូម៉ែត្រពីវត្តភ្នំ។

៦. ទីក្រុងពោងពាយ (Pong Peay City)៖ ទីតាំងនៅម្តុំផ្សារទំនើប AEON II និងព្រីមៀរ សែនសុខ។

៧. ក្រុមហ៊ុនអគ្គីសនី Cambodia Electricity Private Co., Ltd៖ មានសមត្ថភាព​អាច​ផលិត​ថាមពល​អគ្គីសនី​បាន ៤៥ មេហ្គាវ៉ាត់ ដែលអាច​ផ្គត់ផ្គង់​​ដល់​ប្រជាជន​នៅ​រាជធានីភ្នំពេញ បាន​រាប់​លាន​នាក់។

៨. ផ្លូវនិងស្ពានព្រែកព្នៅ៖ ផ្លូវលីយ៉ុងផាត់ និងស្ពានព្រែកព្នៅ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន LYP Group ហើយអ្នកឆ្លងកាត់ផ្លូវត្រូវបង់ប្រាក់ជូនក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ មក ក្រុមហ៊ុន​បាន​ប្រគល់​ជូន​រដ្ឋបាលរាជធានីភ្នំពេញ​វិញ ដើម្បី​ទុក​ជា​ទ្រព្យសម្បត្តិ​​សាធារណៈ​​របស់​រដ្ឋ ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ ​ដោយ​ឥតគិត​ថ្លៃ។

៩. ក្រុមហ៊ុន Hero King Co., Ltd៖ ជាក្រុមហ៊ុនចែកចាយ​ផលិតផល​ជា​ច្រើន​ដូចជា បារី ភេសជ្ជៈប៉ូវកម្លាំងគោជល់ ស្រា Johnnie Walker ជាដើម។

១០. ស្ថានីយទូរទស្សន៍ PNN៖ ជាស្ថានីយទូរទស្សន៍ដ៏ទំនើបបំផុតមួយនៅកម្ពុជា ​​ដែលបានវិនិយោគ​ទំហំ​ទឹកប្រាក់ ២០​លាន​ដុល្លារ បំពាក់​មកជាមួយ​សម្ភារៈទំនើបៗ ​​ហើយ​បាន​​ប្រកាស​បើក​ដំណើរ​ការ កាល​ឆ្នាំ​២០១៥។

១១. ផ្សារទំនើបម៉ាក្រូ៖ ឆ្នាំ២០១៧ អ្នកឧកញ៉ា លី យ៉ុងផាត់ ចាប់ដៃគូជាមួយនឹងវិនិយោគិនថៃ ដោយ​បានបោះទុនវិនិយោគរាប់លានដុល្លារ បើកដំណើរការផ្សារលក់ទំនិញបោះដុំ យីហោពីប្រទេសថៃ គឺផ្សារ ម៉ាក្រូ ដែលជិតហ្នឹងផ្សារទំនើប AEON II។

១២. ឌឹ ព្រីមៀរ សែនសុខ សេនធ័រ៖ ជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីត​មួយ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនវិនិយោគសាងសង់​អស់ទឹកប្រាក់​ជាង ១០លានដុល្លារ។

១៣. ផ្សារទំនើបលក់សម្ភារសំណង់ និងលំនៅដ្ឋាន Global House៖ នៅឆ្នាំ២០១៨ អ្នកឧកញ៉ា លី យ៉ុងផាត់ សហការ​វិនិយោគរួមគ្នា ជាមួយនឹងវិនិយោគិនថៃ បោះទុនជាង ១០លានដុល្លារអាមេរិក បើកឲ្យដំណើរ​ការនូវ​ផ្សារ​ទំនើបលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។

គួរបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុង ផាត់ រហស្សនាម “ស្តេចកោះកុង” មានទំនាក់ទំនងល្អជាមួយអ្នកជំនួញ និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ាកំពុងបង្វែរ​ទៅគៀងគរក្រុម​វិនិយោគិន​ចិន និងលោកខាងលិចវិញម្តង។ ជាក់ស្តែង អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បាននិងកំពុងសាងសង់​គម្រោងទីក្រុងមិត្តភាពកម្ពុជា-ចិន ក្នុងទឹកដីអភិវឌ្ឍន៍ទីក្រុងរណប ហ្គាឌិន ស៊ីតធី ហើយត្រូវបានរំពឹងថា គ្រោងចំណាយទុនជាង ១.៥០០ លានដុល្លារអាមេរិក ដែលវិនិយោគរួមគ្នា រវាងក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនចិន ផងដែរ៕