ត្រឹម​ឆ្នាំ ២០២១ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មចំនួន ៤៣,២៧៦ មូលដ្ឋាន បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ឧស្សាហកម្ម

អាជីវកម្ម

លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋាន​សហគ្រាស​ធុនតូច និងមធ្យម បាន​លើកពី​លទ្ធផល​សម្រេចបាន​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០១៧-២០២១) របស់អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈា ឡាយហ៊ី បាន​បញ្ជាក់ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅព្រឹកនេះ​ថា នៅក្នុងរយៈពេល ៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ ដល់ ២០២១ (គិតត្រឹមខែតុលា) ក្រសួង​បាន​ចុះ​បញ្ជី​មូលដ្ឋានបង្កើតថ្មីមានចំនួន ៣,៩៥៣ មូលដ្ឋាន និងផ្តល់វិញ្ញាបនបត្រ​បន្តដំណើរការចំនួន ២,៧១២ មូលដ្ឋាន។

លោក​បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសហគ្រាស ធុនមីក្រូ តូច និងមធ្យម ជាមូលដ្ឋានដ៏សំខាន់មួយ​​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម ពីព្រោះវិស័យនេះមានលក្ខណៈអន្តរសកម្មភាពច្រើន ងាយ​បត់បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅតាមកាលៈទេសៈនៃការអភិវឌ្ឍបច្ចេកវិទ្យា។

ការងារចុះបញ្ជី សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មក្នុងបរិបថនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្របខណ្ឌតំបន់ និងពិភពលោក មានការរីកចម្រើនខ្លាំង តាមរយៈការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ។

បើ​តាមមន្រ្តីជាន់ខ្ពស់​រូបនេះ គិតមកដល់ខែតុលា ឆ្នាំ២០២១នេះ ក្រសួង​បាន​ចុះ​បញ្ជី​មូលដ្ឋានសហគ្រាសធុនតូច មធ្យម និង សិប្បកម្មសរុបមានចំនួន ៤៣,២៧៦មូលដ្ឋាន និង​បង្កើត​ការងារ​បាន​ចំនួន ៤៣៥,៩០៥ នាក់៕