ចង់សាកអាហារ​​សុវត្ថិភាព​គ្មាន​គីមី​ ភោជនីយដ្ឋាន​ខ្មែរ ៣ កន្លែង​​ ធានា​ម្ហូប​អាហារ​គិត​​សុខភាព​​អតិថិជន

អាជីវកម្ម

បច្ចុប្បន្នមានភោជនីយដ្ឋាន ក៏ដូចជាអាហារដ្ឋានជាច្រើនកន្លែង ដែល​ច្នៃប្រឌិតម្ហូបអាហារថ្មីៗឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងគិតដល់សុខភាពអ្នកបរិភោគ និងបានចូលរួមថែរក្សាលើកស្ទួយម្ហូបអាហារប្រពៃណីជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ ឧកញ៉ាញូស៍ ណែនាំឲ្យស្គាល់ ភោជនីយដ្ឋានចំនួន ៣ ដែលល្បីល្បាញឈានមុខគេខាងអាហារដែលធានាបាននូវ គុណភាព សុខភាពអតិថិជន និងលើកស្ទួយម្ហូបអាហារខ្មែរ។ ក្នុងចំណោមភោជនីយដ្ឋានទាំង ៣ នោះរួមមាន ភោជនីយដ្ឋានអូក្រាអាហារធម្មជាតិ  ភោជនីយដ្ឋានមាតុភូមិ និងភោជនីយដ្ឋាន ផាកកាហ្វេ។

ភោជនីយដ្ឋានទាំងបីនេះមានលក្ខណៈពិសេសផ្សេងៗគ្នារួមមាន៖

១. ភោជនីដ្ឋានអូក្រា Okra Restaurant ៖ ជាភោជនីយដ្ឋានល្បីខាង ម្ហូបអាហារបែបធម្មជាតិ គ្មានគីមី បម្រើទាំងប្រភេទអាហារបែបអាស៊ី និងបែបអ៊ឺរ៉ុប។ បន្លែ​ដែលយកមក​បម្រើ​ជូន​អតិថិមកចំអិនជនសំបូរដោយសារធាតុចិញ្ចឹមគ្មានជាតិគីមីនោះទេ ​​ព្រោះភោជនីដ្ឋាននេះ ​មាន​សហគមន៍ដាំបន្លែធម្មជាតិផ្ទាល់ខ្លួន សម្រាប់​ផ្គត់ផ្គង់​បន្លែស្រស់ៗប្រចាំថ្ងៃ​ ។អាហារប្រចាំភោជនីយដ្ឋានដែលមាន​ភ្ញៀវ​ពេញនិយមបំផុតគឺ ​ នំបាញ់ហយ បាញ់ស៊ុង និង នំបញ្ចុកខ្មែរ។

អូក្រាមានទីតាំងស្ថិតនៅ លើផ្លូវ ៥៩២ កែងផ្លូវ ៣៣៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបាន​បើក​អាជីវកម្ម​អស់រយៈពេល ៤ ឆ្នាំមកហើយ ដោយមានលោកស្រី នូ សុជាតិ ជាអគ្គនាយិកា។

២. ភោជនីយដ្ឋាន មាតុភូមិ Meatuphum ៖ គឺជាភោជនីយដ្ឋានដែលបានថែរក្សា ប្រមូលផ្តុំម្ហូបប្រពៃណីជាតិ រួមទាំងលើកកម្ពស់សុខុមាលភាពសង្គម ដើម្បីថែរក្សា និងលើកស្ទួយម្ហូបដែលជាអត្តសញ្ញាណជាតិខ្មែរ។ មាតុភូមិមានម្ហូបជាច្រើនមុខបែងចែកទៅតាមមុខងារដូចជា​ ម្ហូបមានគ្រឿងអន្លក់ គ្រឿងបុក ចៀន-អាំង សម្លខ្មែរគ្រប់មុខ ទឹកត្រី-ជ្រក់ បង្អែម ភេសជ្ជៈសរុ​បមាន​ប្រមាណជាង ២០០ មុខ ដែលសុទ្ធសឹងជាអាហារប្រចាំប្រទេស ឬ អាហារប្រពៃណីក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន មាតុភូមិបានពង្រីកខ្លួនជាង ៣០ សាខាហើយ ដែលភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ។ភោជនីយដ្ឋាននេះបានលេចរូបរាងឡើងជាង ៦ ឆ្នាំហើ ដែលចាប់ផ្ដើមដុះពន្លកក្រោមការពួតដៃគ្នាចូលទុនរកស៊ីរបស់​បងប្អូន​លោកស្រី មាស ផាន្នីដា ដោយ​ចាយ​ដើមទុន​ជិត ១ ម៉ឺនដុល្លារ។

៣. ភោជនីយដ្ឋាន ផាកកាហ្វេ Park Café ៖ ត្រូវ​បាន​ការ​ទទួលស្គាល់​ពីមហាជន ក្រៅ​ពី​ជា​ស្លាក​យីហោអាជីវកម្ម​អាហារ​ក្នុងស្រុក គឺ​ជាភោជនីយដ្ឋាន​ខ្មែរ​ទី១ ​ដែលបម្រើអាហារមិនប្រើប៊ីចេង​លើ​គ្រប់មុខម្ហូបទាំងអស់។ ផាកកាហ្វេរក្សា​ គុណតម្លៃចំនួន ៨ ចំណុច​គឺ អតិថិជនជាចម្បង សុវត្ថិភាពចំណីអាហារ ទំនួលខុសត្រូវសង្គម គំនិតច្នៃប្រឌិត ការអភិវឌ្ឍមនុស្ស ភាពជាដៃគូ ស្តង់ដារប៊្រែន (និតិវិធីប្រតិបត្តិការស្តង់ដារ) និង​ផ្តោតសំខាន់លើលទ្ធផល។

ផាក កាហ្វេ បង្កើត​ឡើង​តាំងពីឆ្នាំ ២០០៤ មក​ដល់ពេលនេះមានអាយុកាល ១៨ឆ្នាំ និង​បច្ចុប្បន្ន​បាន​ពង្រីកសាខាជាច្រើនកន្លែង​នៅ​រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ៕