ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកយកចំនុចសំខាន់ៗចំនួន៧ចំនុច របស់ EBA ដើម្បីពន្យល់ឲ្យសារធាណៈជនបានយល់ច្បាស់។៧ចំនុចសំខាន់ៗទាំងនោះ ត្រូវបាន លោក ឧកញ៉ា គីម ហ៊ាន បានធ្វើការបកស្រាយដូច្នេះថា៖
១. EBA = Everything but Arms = អ្វីៗគ្រប់យ៉ាងលើកលេងតែអាវុធ។ សម្រាប់ប្រទេសកម្ពុជា EBA មានន័យថា យើងអាចនាំទំនិញកម្ពុជា ទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៍អឺរ៉ុប (EU) ដោយមិនបាច់បង់ពន្ធ។
២. បើកម្ពុជាបាត់បង់ EBA មួយផ្នែក គឺមានន័យថាទំនិញកម្ពុជាមួយចំនួន ដែលត្រូវយកទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់ពន្ធក្នុងកំរិតណាមួយនោះ!
៣. បើកម្ពុជាបាត់បង់ EBA ទាំងស្រុង គឺមានន័យថាទំនិញកម្ពុជាទាំងអស់ ដែលត្រូវយកទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់ពន្ធគ្រប់ចំនួន។
៤. បើកម្ពុជាបាត់បង់ EBA នឹងធ្វើអោយថ្លៃដើមនៃការផលិតទំនិញរបស់កម្ពុជា ដើម្បីទៅលក់នៅសហគមន៌អឺរ៉ុបកើនឡើង ប្រាក់ចំណេញថយចុះ អ្នកវិនិយោគទុនមិនសប្បាយចិត្ត ហើយគេអាចពិចារណាទៅផលិតនៅប្រទេសផ្សេង ដែលមាន EBA!
៥. ឧទាហរណ៌ថា ដើម្បីបានអាវមួយពីកម្ពុជា ទៅលក់នៅសហគមន៌អឺរ៉ុប ក្នុងតម្លៃ៩ដុល្លារ គឺកម្ពុជាត្រូវនាំចូលក្រណាត់តម្លៃ១ដុល្លារ អំបោះពីបរទេសអស់១ដុល្លារ វត្ថុធាតុដើមផ្សេងទៀតពីបរទេសអស់១ដុល្លារ កម្លាំងពលកម្មអស់១ដុល្លារ ចំណាយទៅលើរោងចក្រ ភ្លើង ទឹក រដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម អំពើពុករលួយ … អស់២ដុល្លារ ហើយនៅចំណេញបាន ៣ដុល្លារក្នុង១អាវ។
៦. ឧទាហរណ៌ថា បើកម្ពុជាបាត់បង់ EBA នោះ EU នឹងតម្រូវអោយទំនិញកម្ពុជាបង់ពន្ធលើអាវមួយ គឺ១ដុល្លារ ដែលនាំអោយប្រាក់ចំណេញរបស់អ្នកវិនិយោគធ្លាក់ចុះ ពីការចំណេញ៣ដុល្លារក្នុង១អាវ មកត្រឹមចំណេញតែ២ដុល្លារក្នុងមួយអាវ។
៧. ដំណោះស្រាយ គឺកម្ពុជាត្រូវព្យាយាមរក្សា EBA អោយបានទាំងអស់ ឬអោយបានមួយផ្នែកតាមដែលអាចធ្វើទៅបាន! ព្យាយាមផលិតក្រណាត់ អំបោះ និងវត្ថុធាតុដើមផ្សេងទៀតដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម។ កម្មករកម្ពុជាត្រូវតែមានជំនាញជាងមុន តម្លៃភ្លើង ទឹក ជួលរោងចក្រត្រូវតែថោកជាងមុន! ត្រូវតែលុបបំបាត់ ឬកាត់បន្ថយសេវាកម្មរដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម និងអំពើពុករលួយ។
ពាក់ព័ន្ធនឹងរឿងEBAនេះដែរ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ កាលព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ថា រោងចក្រនៅកម្ពុជាខ្លះ នឹងត្រូវបិទទ្វារបណ្ដោះអាសន្ននៅខែមីនាខាងមុខ ដោយសារចិនផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ដោយសារបញ្ហាផ្ទុះវីរុសកូរ៉ូណា។ ទន្ទឹមគ្នានេះ សម្តេច បានសង្កត់ធ្ងន់ដែរថា រោងចក្របិទទ្វារនេះ មិនមែនមកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA)ទេ។ទន្ទឹមគ្នានេះ សម្តេច ក៏បានសំណូមពរ «សូមកម្មករទាំងអស់កុំតក់ស្លុត នៅពេលរោងចក្របិទទ្វារ» ព្រោះ ក្រៅពីរោងចក្រជួបបញ្ហានោះ ក៏មានសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបាត់បង់ភ្ញៀវទេសចរ ដោយសារបញ្ហាផ្ទុះវីរុសកូរ៉ូណាដែរ៕ អត្ថបទ៖ សិរីកា