រោងចក្របើកដំណើរការថ្មី ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន ១១២រោងចក្រ ដែលបានបង្កើតការងារសរុបចំនួន ៧៦ ៦២៤ នាក់ និងរោងចក្របិទទ្វារឈប់ដំណើរការក្នុងរយៈពេលដូចគ្នា មានចំនួន ៤៧រោងចក្រ ធ្វើឱ្យបាត់បង់ការងារចំនួន ១៦,៨៣៨នាក់។ នេះបើតាមលោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ រោងចក្រដែលបើកដំណើរការមានចំនួន ១ ៩៤៧រោងចក្រ នៅទូទាំងប្រទេស កើនឡើងចំនួន ៤២៥ រោងចក្រ ស្មើនឹង២៧.៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១ ៥២២រោងចក្រ។
ចំណែកកម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន ១,០៤៤,២២៦នាក់ ក្នុងនោះមានស្រី្តចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤% មានការកើនឡើងចំនួន ៦២,០២៣នាក់ ស្មើនឹង ៦.៣១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។
សម្រាប់ទុនវិនិយោគសរុបវិញ មានចំនួនជាង ១៥ ៧០៧លានដុល្លារ មានការកើនឡើងចំនួនជាង ៦ ២៩៧លានដុល្លារ ស្មើនឹង៦៦.៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០លានដុល្លារ៕