បើកដំណើរការត្រឹម ៨ ខែ ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញកើនឡើងជាង ១ លានតោន

អន្តរជាតិ

បរិមាណទំនិញនាំចូល និងនាំចេញសរុប ដែលបានដឹកជញ្ជូនតាមរយ:ផ្លូវដែក ចិន-ឡាវ (LCRC) បានកើនឡើងដល់ ១,០២ លានតោន ចាប់តាំងពីផ្លូវដែកដ៏វែងមួយនេះ បានបើកដំណើរការកាលពី ៨ ខែមុន ជាមួយតម្លៃទំនិញសរុបប្រហែល ៩,១៤ ពាន់លានយ៉ន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដឹកជញ្ជូនទំនិញតាមរយ:ផ្លូវដែកមួយខ្សែនេះ បានបង្ហាញពីនិន្នាការកើនឡើង ជាមួយនឹងទំនិញសំខាន់ៗដូចជា របស់របរប្រើប្រាស់ប្រចាំថ្ងៃ ជី គ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងបន្លែ ដែលស្ថិតនៅក្នុងចំណោមទំនិញផ្សេងទៀត ត្រូវបានដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ឡាវ ។

ទន្ទឹមនឹងនោះ ដែក ស័ង្កសី ម្រៅដំឡូងមី អង្ករ ធ្យូង កៅស៊ូ និងផ្លែឈើ និងទំនិញមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ និងប្រទេសជិតខាងមួយចំនួន ទៅកាន់ប្រទេសចិន ។

យោងតាម LCRC បានបង្ហាញថា គិតត្រឹមថ្ងៃទី ៩ ខែសីហា ផ្លូវដែកនេះ បានដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ចំនួន ១ ០៧៦ ៥០០ តោន ដែលក្នុងនោះ ២៦៣ ៤០០ តោន ត្រូវបាននាំចេញពីចិន មកកាន់ឡាវ ហើយ ៨១៣ ១០០ តោន ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិន ខណ:គិតជាមធ្យម មានអត្រាកំណើតប្រចាំខែ ១៦,៩៥% ។

មិនតែប៉ុណ្ណោះ LCRC បាននិយាយទៀតថា ចាប់តាំងពីការបើកដំណើរការផ្លូវរថភ្លើងនេះមក វាបាននិងកំពុងពង្រឹងយ៉ាងសកម្មនូវការដឹកជញ្ជូនទំនិញ ប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការដឹកជញ្ជូនប្រកបដោយភាពរលូន ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដដែលនេះ បានបន្ថែមទៀតថា តម្លៃនៃការដឹកជញ្ជូនទំនិញតាមរយ:ផ្លូវរថភ្លើងចិន-ឡាវ នេះ គឺស្ទើតែដូចគ្នាទៅនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រដែរ ខណ:ពេលវេលានៃការដឹកជញ្ជូនត្រូវបានកាត់បន្ថយយ៉ាងច្រើន ជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។

គួរបញ្ជាក់ថា ផ្លូវដែកនេះ ជាគម្រោងដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្លូវដែកចិន-ឡាវនេះ មានប្រវែង ១ ០៣៥ គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងគុនមីង របស់ប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ៕