ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូន ក្នុងដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ នេះបើតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃពុធ ទី១០ខែសីហាឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ថា ការលក់ កាបូនរបស់កម្ពុជា គឺជាជោគជ័យក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការអនុវត្តន៍គម្រោង រេដបូក (REDD+) ដែលធានាដើមឈើឈរ ដើម្បីអាចរកចំណូលសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថាក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនថែមទៀត របស់កម្ពុជា។
ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗមានសិទ្ធិបញ្ចេញឧស្ម័នពុល (ឬកាបូនឌីអុកស៊ីត) ទៅក្នុងបរិស្ថាន។ ជាទូទៅ ឥណទានចំនួន១ គឺស្មើនឹងសិទ្ធិបញ្ចេញឧស្ម័នពុលចំនួន ១តោន ទៅក្នុងបរិស្ថាន។ ឥណទានកាបូន គឺចំនួនព្រៃឈើដែលដាំថ្មី ឬព្រៃឈើចាស់មានស្រាប់ដែលរក្សាទុក ហើយអាចស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១តោន។ ឧទាហរណ៍ ប្រទេស ឬក្រុមហ៊ុន A បានដាំព្រៃឈើបន្ថែមក្នុង ១ឆ្នាំ ១០ ម៉ឺនហិកតា ដែលអាចជួយស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១០ តោន បានន័យថា ប្រទេស ឬក្រុមហ៊ុន A នឹងមានឥណទានកាបូន ១០ឯកតា។
សូមបញ្ជាក់ថា ថវិកាដែលបានមកពីការលក់កាបូន ត្រូវបានយកទៅការពារ និងអភិរក្សធនធាន ធម្មជាតិ ពង្រឹងជីវភាពសហគមន៍ ដូចជាការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តី ឧទ្យានុរក្ស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាព មន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត៕