កាលពីថ្មីៗនេះ មានលេចលឺដំណឹងមកថា អតីតប្រធានាធិបតីស្រីលង្កាបានភៀសខ្លួនមកប្រទេសថៃ ហើយនេះគឺជាប្រទេសទី ២ នៅអាស៊ីអាគ្នេយ៍ដែលលោក Gotabaya Rajapaksa បានរត់គេច ក្រោយជម្លៀសខ្លួនពីប្រទេសស្រីលង្កា។
ពាក់ព័ន្ធនឹងការមកដល់ប្រទេសថៃរបស់អតីតមេដឹកនាំរត់គេចខ្លួនម្នាក់នេះ នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកនឹងអនុញ្ញាតឲ្យលោក Gotabaya ស្នាក់នៅទីនេះមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយចាត់ទុកជាអំពើមនុស្សធម៌ ទម្រាំអតីតប្រធានាធិបតីស្រីលង្ការកបានទ្រនំថ្មី។ នេះបើតាមការចុះផ្សាយពី Newsfirst។
“នេះគឺជាបញ្ហាមនុស្សធម៌ ហើយពួកយើងបាននិយាយគ្នារួចរាល់ហើយថា វានឹងមិនពាក់ព័ន្ធជាមួយនឹងសកម្មភាពនយោបាយអ្វីទាំងអស់ ហើយគាត់នឹងនៅទីនេះបណ្ដោះអាសន្ន ទម្រាំអាចរកបានប្រទេសដែលទទួលជនភៀសខ្លួន”។ នេះបើតាមសម្ដីរបស់លោក Prayut ប្រាប់ទៅកាន់ Thailand Media។
ដោយឡែក មន្ត្រីការបរទេស Don Pramudwinai ក៏បាននិយាយបន្ថែមថា លោក Gotabaya អាចស្នាក់នៅប្រទេសថៃ បានរយៈពេល ៩០ ថ្ងៃ ដោយសារលោកនៅកាន់លិខិតឆ្លងដែនការទូត។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីថៃបានដាក់លក្ខខណ្ឌមួយជាមួយអតីតប្រធានាធិបតីស្រីលង្កាថា អាចស្នាក់នៅប្រទេសថៃបណ្ដោះអាសន្នបាន កុំឲ្យតែបង្កភាពវឹកវរនៅទីនោះ ហើយថ្នាក់ដឹកនាំថៃបានទម្លាយថា លោកមិនមានគម្រោងនឹងជួបជាមួយ Gotabaya ឡើយ៕