៣ ឆ្នាំចុងក្រោយ អតីតភរិយាស្ថាបនិក Amazon បរិច្ចាគលុយច្រើនជាងស្ថាបនិក Facebook ដាច់

អន្តរជាតិ

វា​គឺ​ជា​រឿង​ធម្មតា​ដែល​ក្រុមមហាសេដ្ឋី​មានៗ​កប់​ពពក​តែងតែ​ធ្វើ​សប្បុរសធម៌​ជាមួយ​នឹង​អង្គការពិភពលោក​ធំៗ តួយ៉ាង​ដូចជា Bill Gates និង Warren Buffett ជាដើម ដែល​តែងតែ​បញ្ចេញ​ថវិកា​ផ្ទាល់ខ្លួន​ធ្វើ​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​ឧស្សាហ៍​បរិច្ចាគ​ប្រាក់​បំផុត ក៏​មាន​អតីត​ភរិយា​ស្ថាបនិក Amazon លោកស្រី MacKenzie Scott ផង​ដែរ តួយ៉ាង​កាលពី​សប្ដាហ៍​មុន​លោកស្រី​បាន​បរិច្ចាគ​ទឹកប្រាក់ ១២២ លាន​ដុល្លារ​ទៅ​កាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Big Brothers of America។

ជាមួយ​នឹង​សកម្មភាព​បរិច្ចាគ​ប្រាក់​ជា​ញឹកញាប់​មួយ​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី MacKenzie ក្លាយ​ជា​មហាសេដ្ឋី​ចិត្តធម៌​បំផុត​មួយរូប ហើយ​បើ​តាម​ទិន្នន័យ​ ៣ ឆ្នាំ​ចុងក្រោយ​នេះ​វិញ លោកស្រី​បរិច្ចាគ​ទឹកប្រាក់​ប្រហែល ១២ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការ​ចុះផ្សាយពី​ Celebritynetworth។

ប្រភព​ដដែល​បាន​បន្ថែម​ថា ការ​ធ្វើ​សប្បុរសធម៌​របស់​លោកស្រី​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​មួយ​ចំនួន​ដែល​មាន​ទ្រព្យច្រើន​ជាង​បាក់មុខ​មិនស្ទើរ ដូចជា Mark Zuckerberg ជាដើម​ដែល​បរិច្ចាគ​បាន​ប្រហែល ៣ ពាន់​លាន​ដុល្លារ​តាំងពី​ដើម​មក​ទល់​បច្ចុប្បន្ន៕