ប្រទេសកម្ពុជា កំពុងត្រៀមខ្លួនក្នុងការបើកសាលាបង្រៀនអ្នកបើកបរយន្តហោះ (Pilot) ជាលើកដំបូង ដែលនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអាកាសចរស៊ីវិល ក្រោមកិច្ចសហការដៃគូជាមួយនឹងក្រុមហ៊ុនថៃ។ នេះបើតាមលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
លោក ហឿន សំនៀង បានប្រាប់ដល់ ឧកញ៉ា ញូស៍ យ៉ាងដូច្នេះថា ទាក់ទងនឹងការបើកសាលាបង្រៀនអ្នកបើកបរយន្តហោះនេះ លោកបានណែនាំអ្នកវិនិយោគមកពីប្រទេសថៃ ទៅខាងវិទ្យាស្ថានជាតិអាកាសចរស៊ីវិល ដែលមានភារកិច្ចទទួលខុសត្រូវបណ្តុះបណ្តាលអ្នកបើកបរ និងអ្នកបន្តវេនលើវិស័យអាកាសចរណ៍។
លោកបានបន្តថា សម្រាប់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មិនមានភារកិច្ចក្នុងការធ្វើផ្ទាល់នោះទេ ប៉ុន្តែយើងបានពង្រីកទំនាក់ទំនងសហការគ្នា សម្របសម្រួលឱ្យខាងក្រុមហ៊ុន និងអង្គភាពជំនាញពាក់ព័ន្ធបានជួបគ្នា។ ភាគីទាំងពីរបានជួបគ្នារួចហើយ ហើយពួកគេនឹងបន្តពិភាក្សាគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ដើម្បីសិក្សាពីគ្នាទៅវិញទៅមកឱ្យបានស៊ីជម្រៅ បន្ទាប់មកខាងវិទ្យាស្ថានជាតិអាកាសចរស៊ីវិល រាយការណ៍ជូនថ្នាក់ដឹកនាំ និងធ្វើការងារបន្តទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ភាគីពាក់ព័ន្ធ បានចូលរួមកម្មវិធីទទួលទានអាហារសាមគ្គី ដើម្បីពិភាក្សាការងារបន្ត នៃការបើកសាលាបង្រៀនអ្នកបើកបរយន្តហោះ។ កិច្ចពិភាក្សានេះ មានការអញ្ចើញចូលរួមដោយ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន, ឯកឧត្តម លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរស៊ីវិល, លោកជំទាវ Jiranunប្រធានក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំប្រទេសកម្ពុជា ជាអ្នកសម្របសម្រួលអោយក្រុមហ៊ុន Aviation Maintenance Expertise Enterprise និង ក្រុមហ៊ុន JFT Jet ដែលតំណាងដោយលោកស្រី ខែក ខេមរ៉ាត អគ្គនាយិការ។ នេះជាជំនួបលើកទី២ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តឡើងកាលពីប៉ុន្មានខែមុន នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
លោក តឹក រ៉េតសំរេច អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ធ្លាប់បានឲ្យដឹងថា ជំនាញអ្នកបើកយន្តហោះនៅកម្ពុជា នៅមានតិចតួចណាស់ ខណៈដែលជំនាញនេះកន្លងមក ត្រូវទៅសិក្សានៅក្រៅប្រទេសដូចជាសិក្សាវគ្គមូលដ្ឋាននៅប្រទេសវៀតណាម ឬប្រទេសថៃ រួចបន្តទៅសហរដ្ឋអាមេរិក ដែលត្រូវការចំណាយច្រើនរ៉ាប់ម៉ឺនដុល្លារ និងទាមទារអ្នកមានចំណេះដឹងខ្ពស់ ទាំងភាសាអង់គ្លេស និងវិទ្យាសាស្ត្រ បូករួមទាំងតម្រូវឱ្យមានកាយសម្បទាមាំមួន ស្មារតីវាងវៃ និងភាពរហ័សរហួនខ្ពស់ ផងដែរ៕