ណាហ្គាវើល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ នៅក្នុងរាជធានីភ្នំពេញ។ អត្ថន័យនៃឈ្មោះ ណាហ្គាវើល បើតាមជំនឿខាងសាសនា គឺតំណាងឲ្យស្តេចនាគ ឬ “នាគរាជ” មានក្បាល ៧ ដែលគេជឿថាស្តេចនាគ ស្នាក់អាស្រ័យក្នុងទន្លេ និងជាអ្នកការពាររាជធានីភ្នំពេញ។ មានរឿងនិទានដំណាលថា ស្តេចនាគនឹងបង្ហាញខ្លួនលេងទឹកនៅពេលមានឥន្ទធនូ ដែលជាតំណាងឲ្យសិរីសួស្តីដ៏ប្រសើរបំផុត។ ដូច្នេះ ណាហ្គាវើល គឺប្រៀបប្រដូចទៅនឹងនិមិត្តរូបនៃការចាប់ផ្តើម និងភាពរុងរឿងថ្កុំថ្កើន។
តាំងពីពេលចាប់បដិសន្ធិមក ណាហ្គាវើល បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់ចាប់ពីភ្ញៀវទេសចរកម្សាន្តក្នុងវិស្សមកាល និងភ្ញៀវទេសចរដែលធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងយល់នូវការកម្សាន្តដ៏ពិតប្រាកដ។ បច្ចុប្បន្ន ណាហ្គាវើល ត្រូវបានគេទទួលស្គាល់ថាជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។
រីឯម្ចាស់កាស៊ីណូណាហ្គាវើលនេះ គឺឧកញ៉ា Chen Lip Keong ជាមហាសេដ្ឋីជនជាតិម៉ាឡេស៊ី។ លោក Chen Lip Keong ទទួលបានគោរមងារជា «Tan Sri» ដែលជាគោរមងារលំដាប់កំពូលទី២ នៅម៉ាឡេស៊ី ប្រៀបដូចជាគោរមងារ «ឧកញ៉ា» នៅកម្ពុជាផងដែរ។ លោកឧកញ៉ា Tan Sri Dr.Chen Lip Keong បច្ចុប្បន្នវ័យ ៧៤ឆ្នាំ គឺជាមហាសេដ្ឋីលំដាប់ទី៤ របស់ម៉ាឡេស៊ី ប្រចាំឆ្នាំ២០២០ ដែលមានទឹកប្រាក់ប្រមាណ ៤.៨ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន Forbes។
សូមបញ្ជាក់ថា កាស៊ីណូណាហ្គាវើល ទទួលបានអាជ្ញាប័ណ្ណកាស៊ីណូនៅរាជធានីភ្នំពេញ ដែលអាចដំណើរការរហូតដល់ឆ្នាំ ២០៦៥ និងទទួលសិទ្ធផ្តាច់មុខអាជ្ញាប័ណ្ណកាស៊ីណូ នៅរាជធានីភ្នំពេញ រហូតដល់ឆ្នាំ ២០៣៥៕