ប្រែពីតំបន់ដែលធ្លាប់លិចលង់ដោយទឹកនៅរៀងរាល់រដូវវស្សាក្នុងអតីតកាលនោះ សព្វថ្ងៃនេះ Jet Garden Park (ជេតស៍ ហ្គាឌិន ផាក) បានក្លាយជាតំបន់ទីរមណីយដ្ឋានសម្រាកលំហែដ៏ទាក់ទាញមួយ ក្រោមការអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Sky Land 7NG ។រមណីយដ្ឋាន ជេតស៍ ហ្គាឌិន ផាក មានទីតាំងស្ថិតនៅក្នុងទឹកដីនៃវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ។
ដើម្បីបានទៅដល់តំបន់ទីរមណីយដ្ឋានកែច្នៃមួយនេះ សម្រាប់អ្នកទេសចរដែលនៅរាជធានីភ្នំពេញ អាចចេញដំណើរដោយឆ្លងស្រឡាងតាមកំពង់ដកោះពេជ្រ-អរិយក្សត្រ ឬកំពង់ដជ្រោយចង្វា-ស្វាយេជ្រុំ ក៏បាន រួចបន្តដំណើរទៅកាន់ទឹកដីតំបន់ព្រែកលួង។ខណៈបានមកដល់មុខវិទ្យាល័យព្រែកលួងហើយនោះ គេត្រូវបន្តដំណើរបត់ស្ដាំឆ្ពោះចូលតាមផ្លូវដែលក្រាលដោយកៅស៊ូដ៏ល្អមួយដែលអមសង្ខាងដោយលំនៅដ្ឋានអ្នកស្រុក និងចម្ការដំណាំ ព្រមទាំងទេសភាពវាលបឹងឈូកដ៏ស្រស់បំព្រងជាច្រើនក្នុងចម្ងាយប្រមាណ៧គីឡូម៉ែត្រប៉ុណ្ណោះ នោះគេនឹងបានទៅដល់តំបន់ទីរមណីយដ្ឋាន ជេតស៍ ហ្គាឌិន ផាក ជាក់ជាមិនខានឡើយ។
បើតាមស្ត្រីវ័យប្រមាណជាង៦០ឆ្នាំម្នាក់ឈ្មោះ អុំ អ៊ន រស់នៅភូមិព្រែកលួង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលបានប្រកបរបរលក់ចំណីអាហារផ្សេងៗនៅតាមដងផ្លូវពីមុខទីរមណីយដ្ឋាន ជេតស៍ ហ្គាឌិន ផាក នេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនោះបានឱ្យដឹងថា កាលពីដើមឡើយ ទីនេះគឺជាទីវាលដែលបានរងនូវការលិចទឹកនៅក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ តែក្រោយពេលទទួលបានការអភិវឌ្ឍន៍ដោយក្រុមហ៊ុន Sky Land 7NG មកទីនេះទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅជាច្រើន ពិសេសនៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យទានផ្សេងៗនោះ ទីនេះតែងមានភ្ញៀវទេសចរទូទៅមកលំហែកម្សាន្តយ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។លោក ចំរើន សុខា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sky Land 7NG បានប្រាប់ឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍កែច្នៃ ជេតស៍ ហ្គាឌិន ផាក ត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយក្រុមហ៊ុន Sky Land 7NG នៅលើផ្ទៃដីទំហំ២០ហិកតា។
ក្រោយពេលទទួលបានការអភិវឌ្ឍន៍នោះ តំបន់ទេសចរណ៍មួយនេះក៏បានផ្ដល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចំនួនជាង១០០នាក់ និងបានផ្ដល់ផលប្រយោជន៍ជាប្រយោលដល់ពលរដ្ឋទូទៅបានជាច្រើននាក់ថែមទៀតផង។នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sky Land 7NG រូបនេះបានឱ្យដឹងទៀតថា ទីរមណីយដ្ឋាននេះបានចាប់ផ្ដើមសម្ភោធបើកទទួលភ្ញៀវទេសចរទូទៅកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានសេវាកម្មលំហែកម្សាន្តជាច្រើនដូចជា រីហ្សត ការទស្សនាសួនសត្វ អាងហែលទឹក ការជិះរថភ្លើងកែច្នៃ ការជិះកង់Family តារាងបាល់ទាត់ កន្លែងក្មេងលេង សេវាកម្មម្ហូបអាហារបែបខ្មែរ-ចិន និងសេវាកម្មបោះតង់ជាដើម។លោក ចំរើន សុខា ក៏បានបង្ហាញឱ្យដឹងផងដែរថា ក្រោមការដឹកនាំរបស់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកនៃក្រុមហ៊ុន Jet’s Group ដែលជាក្រុមហ៊ុនធំនោះ ក្រុមហ៊ុន Sky Land 7NG មានចក្ខុវិស័យនឹងធ្វើការអភិវឌ្ឍន៍តំបន់ទីរមណីយដ្ឋាននេះនៅក្នុងទំហំផ្ទៃដីរហូតដល់១០០ហិកតានៅថ្ងៃខាងមុខ។
លោកបានបញ្ជាក់ថា៖ទាក់ទងទៅនឹងសេវាកម្មសួនសត្វ បច្ចុប្បន្ននេះយើងមានសត្វចំនួនត្រឹមតែ២០ប្រភេទប៉ុណ្ណោះ!យើងបានទទួលអាជ្ញាប័ណ្ណសួនសត្វរួចហើយ ដោយយើងកំពុងតែធ្វើការសាងសង់បន្ថែម ដើម្បីនាំចូលសត្វជាច្រើនប្រភេទទៀតមកដាក់បង្ហាញនៅក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងឱ្យសាធារណជនទូទៅបានស្គាល់ ជាពិសេសយើងក៏កំពុងធ្វើMOUជាមួយនឹងសាលារៀនមួយចំនួនដើម្បីអនុញ្ញាតឱ្យមានការនាំសិស្សមកធ្វើការសិក្សាស្វែងយល់អំពីប្រភេទសត្វនានានៅក្នុងសួនសត្វរបស់យើងថែមទៀតផង។គួរបញ្ជាក់ឱ្យដឹងផងដែរថា ភ្ញៀវទេសចរជាតិដែលចូលលំហែកម្សាន្តនៅទីរមណីយដ្ឋាន ជេតស៍ ហ្គាឌិន ផាក តម្រូវឱ្យបង់ថវិកាថ្លៃទិញសំបុត្រចូលចំនួន៣ដុល្លារអាមេរិក ស្មើ១២០០០រៀល ក្នុងម្នាក់សម្រាប់មនុស្សមានវ័យចាប់ពី១០ឆ្នាំឡើង និងម្នាក់ចំនួន២ដុល្លារអាមេរិកស្មើ៨០០០រៀលសម្រាប់ក្មេងដែលមានអាយុក្រោម១០ឆ្នាំ។ចំណែកភ្ញៀវទេសចរបរទេសវិញ តម្រូវឱ្យបង់ថវិកាថ្លៃទិញសំបុត្រចូលក្នុងម្នាក់ចំនួន៥ដុល្លារអាមេរិក ឬស្មើនឹង២០០០០រៀល។
ជាមួយគ្នានេះ សម្រាប់សិស្សសាលានានានោះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នឹងទទួលបាននូវការបញ្ចុះតម្លៃពិសេសលើថ្លៃសំបុត្រចូលទស្សនាកម្សាន្តត្រឹមតែ២ដុល្លារអាមេរិក ឬស្មើ៨០០០រៀលប៉ុណ្ណោះសម្រាប់សិស្សម្នាក់ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវកាតសិស្សបច្ចុប្បន្នរបស់ខ្លួន៕