កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ លោកជំទាវឧកញ៉ា កែវ មុំ បានធ្វើពិធីខួបកំណើតជូនដល់កូនស្រីជាទីស្រឡាញ់របស់លោកស្រី មានឈ្មោះថា “លីលី” ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី និងបានចែកអំណោយជាប៉ៅអ៊ី ម្នាក់មួយ ដល់បុគ្គលិក កម្មករ សរុបជាង ២០០ នាក់។
លោកជំទាវឧកញ៉ា កែវ មុំ ដែលជាសហគ្រិនឈរជើងបានយូរ និងរឹងមាំក្នុងវិស័យផលិតនំក្នុងស្រុក បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ “ក្នុងឱកាសខួបកំណើតកូនស្រីរបស់ខ្ញុំឆ្នាំនេះ ដែលឥឡូវគាត់កាន់តំណែងជា CEO ហើយដើម្បីអបអរសាទរ យើងនឹងជូនពរគាត់ ហើយក៏មានការចែកអំណោយជាប៉ៅអ៊ីម្នាក់មួយ ជូនដល់បុគ្គលិក និងកម្មកររបស់យើងទាំងអស់ ដែលសព្វថ្ងៃនេះ មានសរុបជាង ២០០នាក់”។
ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបញ្ជាក់ឱ្យដឹងបន្ថែមថា កញ្ញា លីលី បានឡើងកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន (CEO) រយៈពេល ២ឆ្នាំមកហើយ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ មក ហើយកញ្ញា ជាកូនទី២ របស់លោកស្រី ខណៈដែលលោកស្រីមានកូន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានរោងចក្រ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរ ចាប់ពីខែឧសភា ឆ្នាំ២០១២។ ក្រុមហ៊ុនផលិតនំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិត ដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលមានសមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិត ជាផលិតផលសម្រេចចំណីអាហារ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង ផងដែរ៕