កូនប្រសារប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក ម៉ៅ ភិរុណ គឺលោក ឡូវ សុខសាន ត្រូវបានរាជរដ្ឋាភិបាល តែងតាំងផ្តល់ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ជាប់នឹងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជំនួស លោក អ៊ូ ឈាង ដែលដល់អាយុត្រូវចូលនិវត្តន៍។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
មុនទទួលដំណែងជាអភិបាលស្រុក លោក ឡូវ សុខសាន គឺជាអ្នករកស៊ីវ័យក្មេងម្នាក់ ហើយត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោងរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
អភិបាលស្រុកដែលទើបនឹងឡើងថ្មី លោក សុខសាន មានវ័យ ៣១ឆ្នាំ ត្រូវជាកូនប្រុសឧកញ៉ា ឡូវ ហ៊ីង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាដន្លង លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាអតីតអភិបាលខេត្តកណ្តាល។
លោក សុខសាន រៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីលោក ម៉ៅ ភិរុណ គឺលោកស្រី ម៉ៅ ម៉ូនិកា នៅកំឡុងឆ្នាំ២០១៩។
លោក សុខសាន បានបញ្ចប់ការសិក្សាពីប្រទេសសិង្ហបុរី ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងអតីតជាសិស្សសាលាវិក្រឹតការមន្រ្តីមធ្យម នៃសាលាភូមិន្ទរដ្ឋបាល ដែលធ្លាប់ធ្វើការនៅបញ្ជាការដ្ឋានរក្ស នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងធ្វើការនៅសាលាខេត្តកណ្តាល ហើយត្រូវបានផ្លាស់ប្តូរមកធ្វើអភិបាលរងស្រុកកៀនស្វាយ។
គួររម្លឹកបន្តិចថា នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាល ស្រុកកៀនស្វាយ កាលពីថ្ងៃទី១២ ខែកក្កដា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំង ជាអភិបាល ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការ ដឹកនាំអោយស្រុកកៀនស្វាយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ៕