ខណៈកំពុងធ្វើដំណើរក្នុងរថយន្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកបង្ហាញផលិតផលអាហារសម្រន់ ជាស្នាដៃរបស់សហគ្រាសក្នុងខេត្តបាត់ដំបង។
នៅលើគណនីហ្វេសបុកផ្ទាល់ លោក សុខ លូ បានសរសេរថា អាហារសម្រននេះអាចញាំក្នុងឡានក៏បាន នៅផ្ទះក៏បាន និងនៅទីណាក៏បាន។
នៅខេត្តបាត់ដំបង សហគ្រាសធុនតូច-មធ្យម មានជាង ៨០០ មូលដ្ឋាន ហើយសហគ្រាសកែច្នៃកសិផលមានតិចតួចនៅឡើយ។ សហគ្រាសកែច្នៃផ្លែឈើចំនួរពីរកំពុងមានភាពលេចធ្លោគឺសហគ្រាសមីសូតា និងណាវីតា ដែលកែច្នៃផ្លែឈើ ដូចជាស្វាយ ម្នាស់ ផ្លែស្រកានាគ ប៉េងប៉ោះ ឆែរី ផ្លែតាង៉ែនជាដើម។ ក្រុមហ៊ុនណាវីតា ថ្មីៗនេះក៏បានផលិតមៀនកែវដែលបានទទួលការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបរិភោគ ហើយគ្រោងផលិតនូវផលិតផលថ្មីៗបន្ថែមទៀត ដោយសហគ្រាសបានចុះអនុស្សារណៈជាមួយសហគមន៍កសិករនៅស្រុកភ្នំព្រឹក។
បើតាមមអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម បច្ចុប្បន្ននេះសហគ្រាសធុនតូច មធ្យម និង សិប្បកម្មដែលចុះបញ្ជីសរុបមានចំនួន ៤៣,២៧៦ មូលដ្ឋាន ដែលបង្កើតការងារបានចំនួន ៤៣៥,៩០៥ នាក់។
សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីន ដែលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង បង្កើតការងារក្នុងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម តំណាងឱ្យ ៧០% នៃការងារសរុបនិងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%៕