ពូជដំឡូងមីខ្មែរជាប្រភេទដំឡូងដែលកសិករកម្ពុជាចូលចិត្ត និងពេញនិយមដាំយកមើមស្ងោរបរិភោគ កិនធ្វើជាម្សៅ ធ្វើនំ ធ្វើម្ហូប ឬ យកធ្វើជាចំណីសត្វផ្សេងៗ ដូចជា គោ មាន់ ទា ជ្រូកជាដើម។ មិនតែប៉ុណ្ណោះ ដំឡូង ក៏អាចកែច្នៃ ជាផលិតផលផ្សេងៗ ផងដែរ ។
អាជីវករលក់ដំឡូងមីស្ងោរនៅផ្សារបឹងត្របែក អ្នកស្រី យ៉ែម សាន បានប្រាប់ឧកញ៉ាញូស៍ឲ្យដឹងថា ទោះបីជាសព្វថ្ងៃមាននំ ចំណីអាហារ គ្រប់ប្រភេទ អាជីវករ លក់ដូរជាច្រើន ប៉ុន្តែដំឡូងមីស្ងោររោយអំបិលនៅតែមានភ្ញៀវ ទិញបរិភោគ គាំទ្រ រាល់ថ្ងៃ ។
អ្នកស្រី បន្តថា ក្នុងមួយព្រឹក លក់ដាច់អស់ជាង ៥០ គីឡូក្រាម អាស្រ័យលើថ្ងៃបុណ្យទានផងដែរ បើចំពោះថ្ងៃធម្មតាគឺមានភ្ញៀវច្រើនជាងថ្ងៃមានពិធីបុណ្យ ។ បន្តទាំងទឹកមុខញញឹមបន្ថែម រាល់ព្រឹកដំឡូងស្ងោររបស់អ្នកស្រីមិនដែលនៅសល់ទេ ដោយមើលឃើញថា មានអ្នកនិយមច្រើន ដែលធ្លាប់តែលក់ ១ គីឡូក្រាម តម្លៃ ៣០០០ រៀល ទៅ ៣៥០០ រៀល មក ៦០០០ រៀល (សព្វថ្ងៃ) ក្នុងមួយគីឡូក្រាម។ ប៉ុន្តែ ភ្ញៀវអាចទិញបានចាប់ពីតម្លៃ ១០០០ រៀល ទៅ ។
អ្នកលក់សំដីផ្អែមរូបនេះបានឲ្យដឹងបន្ថែមទៀតថា ដំឡូងមីដែលអ្នកស្រី យកមកស្ងោរលក់ គឺមកពីខាងខេត្ត តាកែវ ដោយទិញពីគេ តម្លៃ ១០០០ រៀល ក្នុងមួយគីឡូក្រាម ទាំងដី សំបក ។ ដែលមុននឹងស្ងោរ តម្រូវចំណាយពេលបកសំបក កាត់ លាងដី ឲ្យស្អាត ដោយត្រូវក្រោកពីម៉ោង ៣ ជារៀងរាល់ព្រឹក។
ចំណែកឯ អ្នកស្រី ផល្លា ជាអ្នកលក់ដំឡូងមីដូចគ្នា ក៏បាន ប្រាប់ឲ្យដឹងផងដែរថា ដំឡូងមីអ្នកស្រីលក់ដាច់រាល់ថ្ងៃ មិនថាខែប្រាំង ឬ វស្សា តែងតែមានភ្ញៀវ និយមចូលចិត្ត ទោះបីជា តិច ឬ ច្រើន ។
អ្នកមីង សាយ សឿន ដែលជា ភ្ញៀវបានឲ្យដឹងថា អ្នកមីងចូលចិត្តបរិភោគដំឡូងមីខ្មែរស្ងោរណាស់ មិនមានរសជាតិផ្អែម ប៉ុន្តែមានជាតិម្សៅ អង្ករដំឡូង ពេលហូបក៏ឆាប់ឆ្អែត អាចជំនួសបាយបាន ។
ជាមួយគ្នានេះ អាជីវករ ទាំងពីររូប ពិតជាមានសេចក្តីសប្បាយរីករាយ នូវមុខរបររបស់ពួកគាត់ ដែលតែងតែមានអ្នកទិញ គាំទ្រនូវ ដំណាំដំឡូងមីខ្មែរ ៕