បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និងជាកូនប្រសាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានមានអនុសាសន៍ផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ និងសិស្សានុសិស្សថា កុំទាន់អាលស្តាប់អ្នកជោគជ័យច្រើនពេក ហើយលោកសូមណែនាំឱ្យធ្វើរឿងសំខាន់ៗចំនួន ៨ ចំណុច ក្នុងនាមជាយុវជនបន្តវេន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានលើកឡើងក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សានិងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់សិស្សនិស្សិតប្រមាណ ៥០០នាក់ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកមាន៨ចំណុច ដើម្បីចែករំលែកដល់សិស្សនិស្សិត ហើយជារឿងដែលយុវជនត្រូវធ្វើ ដូចខាងក្រោម៖
១. ហ៊ានអភិវឌ្ឍខ្លួនលើចំណេះដឹង៖ កុំអាលស្តាប់អ្នកជោគជ័យខ្លាំងពេក នាំឱ្យបែកអារម្មណ៍ ប៉ុន្តែត្រូវផ្តោតលើការសិក្សាអភិវឌ្ឍខ្លួន ឱ្យមានចំណេះដឹងច្បាស់លាស់សិន។
២. ត្រូវចាប់យកមុខវិជ្ជាណាមួយឱ្យបានច្បាស់លាស់៖ មនុស្សម្នាក់យ៉ាងហោចណាស់ ក៏មានជំនាញមួយច្បាស់ដែរ ដូច្នេះបើដឹងថាខ្លួនពូកែមុខវិជ្ជាអ្វី គួរតែចាប់យកមុខវិជ្ជានោះឱ្យបានច្បាស់លាស់។
៣. ត្រូវដាក់ទិសដៅរបស់ខ្លួន៖ តើអនាគតខ្លួនចង់ក្លាយជាអ្វី? ជាមន្ត្រីរាជការ សហគ្រិនភាព ឬបុគ្គលិកវិស័យឯកជន? ជាពិសេស ត្រូវចេះសិក្សាស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួចខ្លួនទៅតាមគោលនយោបាយនោះ។
៤. ត្រៀមខ្លួនសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០៖ ត្រូវយល់ដឹងពីបច្ចេកវិទ្យាទំនើបៗឱ្យបានច្រើន ទាក់នឹងបរិបទការងារថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាជំនួយ។
៥. ត្រូវចេះ IT និងភាសាអង់គ្លេស៖ ចំណេះដឹងទាក់ទងនឹង Computer និងភាសាអង់គ្លេស ជាអ្វីដែលមិនអាចខ្វះបាន សម្រាប់មនុស្សសម័យថ្មី ដូច្នេះត្រូវតែខិតខំសិក្សាឱ្យបានជ្រៅជ្រះ ឬអាចប្រើការបាន។
៦. ត្រូវចេះសិក្សាជាក្រុម និងរៀនរបៀបធ្វើការជាក្រុម៖ នៅបរទេស គេចូលចិត្តធ្វើជាការក្រុម ព្រោះវាអាចបានលទ្ធផលខ្ពស់ ប៉ុន្តែបរិបទកម្ពុជាលោកយល់ឃើញថា មនុស្សដូចជាពិបាកពេលធ្វើការជាក្រុម ដូច្នេះយុវជនសម័យថ្មី ត្រូវអភិវឌ្ឍខ្លួន និងត្រូវរៀនសម្របខ្លួន ឱ្យចេះធ្វើការជាក្រុម។
៧. ត្រូវមានមនុស្សម្នាក់ជានិមិត្តរូប (Idol) ដើម្បីធ្វើគម្រូតាម៖ មនុស្សជោគជ័យម្នាក់ តែងមានមនុស្សអស្ចារ្យម្នាក់ជានិមិត្តរូប បើមិនមានទេ នោះមានន័យថា យើងគ្រាន់តែជាមនុស្សសាមញ្ញ គ្មានការខិតខំ និងគ្មានការប្តេជ្ញាចិត្តនោះទេ។
៨. ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ៖ សុខភាព នៅតែជារឿងសំខាន់ ទោះបីថ្នាក់ដឹកនាំកំពូលៗក៏តែងគិតពីសុខភាព និងថែទាំកាយសម្បទារឱ្យបានមាំមួនផងដែរ ដូច្នេះក្នុងនាមយុវជន មិនអាចប្រងើយកន្តើយមិនគិតពីសុខភាពរបស់ខ្លួននោះទេ។
សូមបញ្ជាក់ថា បណ្ឌិត តាន់ មុនីវណ្ណ កើតឆ្នាំ១៩៧៣ ហើយម្តាយបានស្លាប់នៅសម័យប៉ុលពត ខណៈដែលលោករស់នៅតែលតោល ក្នុងស្ថានភាពលំបាកជាច្រើនឆ្នាំ។ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តក្នុងការរៀនសូត្រ លោកបានបញ្ចប់ការសិក្សាជាច្រើនដូចជា បរិញ្ញាបត្រច្បាប់, អនុបណ្ឌិត ចំនួន២ ផ្នែក (គ្រប់គ្រង និងធុរកិច្ចរដ្ឋបាល) និងបណ្ឌិត ចំនួន២ ផ្នែក (ច្បាប់ និងធុរកិច្ចរដ្ឋបាល)។
បច្ចុប្បន្ន បណ្ឌិត តាន់ មុនីវណ្ណ មានតួនាទីក្នុងសង្គមជាច្រើនដូចជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-ថៃ សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន សមាជិកក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មអាស៊ីអាគ្នេយ៍ សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានឥណ្ឌា សមាជិកសមាគមអ្នកសាងសង់អាស៊ាន ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអភិវឌ្ឍន៍លំនៅដ្ឋាន អគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា ទីប្រឹក្សាភិបាលសមាគមស្ត្រីកម្ពុជា ក្រុមប្រឹក្សាបណ្តុះបណ្តាលថ្នាក់ជាតិនៃទីស្តីការគណៈរដ្ឋមន្ត្រី សមាជិកមេធាវី នៃគណៈមេធាវីកម្ពុជា។ រីឯតួនាទីឯកជន លោកគឺជាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាម្ចាស់ក្រុមហ៊ុនចំនួន១០ ផងដែរ៕