កម្ពុជា នឹងត្រៀមស្វាគមន៍គម្រោងធំៗចំនួន៥ នៅឆ្នាំ២០២៣

សង្គម​ និង​សេដ្ឋកិច្ច

ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែង នាឆ្នាំ២០២៣ ខាងមុខនេះ គម្រោងធំៗ ចំនួន៥ ក៏នឹងត្រូវសម្រេចការសាងសង់រួចរាល់ផងដែរ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់តាមត្រូវការជាក់ស្ដែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាំងនេះ គឺជាគម្រោងធំៗ ចំនួន៥ ដែលកម្ពុជា នឹងត្រៀមបានបើកការដ្ឋានក្នុងឆ្នាំ ២០២៣ ៖

១. គម្រោងផ្លូវក្រវាត់ក្រុងទី៣

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ផ្លូវក្រវាត់ក្រុងទី៣ បានសម្រេចការសាងសង់ចំនួន ៧៦.៨៧% ហើយ ដោយក្នុងនោះការងារផ្លូវសម្រេចការសាងសង់បានចំនួន ៧២.៨៧% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩.៩០% និងការងារស្ពានសម្រេចបាន ៩៥.៩៨%ហើយ។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

គម្រោងផ្លូវក្រវាត់ក្រុងទី៣ នេះ បានបើកការសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្ដការងារដោយក្រុមហ៊ុន Shangai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧.៦៧លានុដល្លារ និងអនុវត្ដការត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥.៣៨ លានដុល្លារ ដែលជាថវិកាបានមកពីហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី ៣ គឺបានសាងសង់ចាប់ពីចំណុចផ្លូវជាតិលេខ ០៤ រហូតដល់ ផ្លូវជាតិលេខ ១ ដែលមានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ។

.ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ

គម្រោងព្រលានយន្ដហោះសៀមរាបអង្គរ គឺជាគម្រោងព្រលានថ្មីទី២ នៅលើទឹកដីអង្គរ ដែលមានទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ គម្រោងនេះមានចម្ងាយប្រមាណ ៥១ គីឡូម៉ែត្រ ពីក្រុងសៀមរាប និងប្រហែល ៤០ គីឡូម៉ែត្រពីប្រាសាទអង្គរផងដែរ។

គម្រោងព្រលានយន្តហោះអន្ដរជាតិថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់ ខណៈតម្លៃនៃការសាងសង់មានចំនួន ៨៨០ លានដុល្លារអាមេរិក។

សូមជម្រាបថា គម្រោងនេះបានចាប់ផ្ដើមការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់ការសាងសង់នាពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣ខាងមុខ។

៣. ស្ពានឆ្លងទន្លេសាប

គម្រោងសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាគម្រោងដ៏សំខាន់មួយ ដែលជួយរំដោះការធ្វើចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ។

គម្រោងស្ពានថ្មីនេះ មានរចនាបទទំនើបដែលមានសសរធំៗចំនួន ៤ បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ខណៈគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ បើតាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខផងដែរ។

.គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូងមានប្រវែង ១៣៥.២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ចំណាយថវិកាប្រមាណ ២៤៦.៣៥លានដុល្លារអាមេរិក គិតមកដល់ពេលនេះ សម្រេចការសាងសង់បានចំនួនជាង៨០%ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

.គម្រោងអភិវឌ្ឍកោះនរា

គម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណជិត ៥០% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។

គម្រោងកោះនរាកំពុងអភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាលជាដើម។

សូមជម្រាប់ដែរថា នេះគ្រាន់តែជា គម្រោងមួយចំនួន ដែលសារព័ត៌មាន ឧកញ៉ា ញ៉ូស៍ លើកមកបង្ហាញជូនលោកអ្នក ប៉ុន្តែក៏មានគម្រោងធំៗជាច្រើនទៀត ដែលកម្ពុជានឹងត្រៀមស្វាគមន៍នាពេលខាងមុខទៀត ផងដែរ៕