ខេត្តព្រះសីហនុ-ថ្នាក់ដឹកនាំ ក្រសួងស្ថាបន័ថ្នាក់ជាតិនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ចូលចតកំពង់ផែ។ ជាមួយគ្នានេះ មន្ត្រីអះអាងថា ផ្នែកពេទ្យក៍បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ។
ការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ នេះ បន្ទាប់ពីបរាជ័យក្នុងសុំប្រទេស និងកោះសរុបចំនួន៦ ចូលចត ប៉ុន្តែត្រូវគេបដិសេធ ។
តាមFacebook ផ្លូវការរបស់ក្រុមហ៊ុន Holland America Line បានបង្ហោះដំណឹងដ៏រីករាយនេះប្រាប់ដល់ពិភពលោក និងអ្នកធ្វើដំណើរទាំងអស់ក្នុងនាវាថា កម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ បន្ទាប់ពីបរាជ័យក្នុងសុំប្រទេស និងកោះសរុបចំនួន៦ ចូលចត ប៉ុន្តែត្រូវគេបដិសេធ ។
អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់
ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់,
មិនយកថ្លៃ Visa
និងសេវាផ្សេងៗ
ដែលទាំងនេះបង្ហាញទឹកចិត្ត
ដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន
ចំពោះផ្នែកកិច្ចការមនុស្សធម៌
និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។
ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។
លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
បើតាមលោកអគ្គរដ្ឋទូត, អ្នកនៅលើកប៉ាល់នោះក៏មានពលរដ្ឋអាមេរិកជាច្រើននាក់ផងដែរ។ ហើយតាមសេចក្តីរាយការណ៍កប៉ាល់បានឲ្យដឹងថា មិនមាននរណាម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ ដែលត្រូវបានត្រួតពិនិត្យ និងធ្វើតេស្តដោយគ្រូពេទ្យនៅលើកប៉ាល់នេះតែម្តង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។ «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។
បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះ របស់កម្ពុជា រួមមានទាំងមន្ត្រីនគរបាលច្រកទ្វារ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថ្នាក់ដឹកនាំកំពង់ផែស្វយ័ត ក៏ដូចជាមន្ត្រីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ ឈ្មោះ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ នៅលើនាវានោះ ជាមុនសិន មុននឹងអនុញ្ញាតឱ្យមនុស្សនៅលើនាវា នោះ ឡើងមកលើច្រាំង ដើម្បីធានាថាមិនមានអ្នកណាម្នាក់ឆ្លងនូវវីរុស ខូវីន-១៩។