វៀតណាម ដាក់ចេញផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃជិត ៦០ ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមរដ្ឋាភិបាលរបស់ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអាទិត្យទី ១៤ ខែសីហា ថាប្រទេសរបស់ខ្លួន កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលអាចរត់កាត់តាមបណ្តោយប្រទេស ជាមួយនឹងតម្លៃរហូតដល់ ៥៨,៧ ពាន់លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលបាននិយាយទៀតថា គម្រោងដ៏ធំមួយនេះ ត្រូវបានស្នើឡើងដោយក្រសួងដឹកជញ្ជូនរបស់វៀតណាម ក្នុងការសាងសង់ផ្លូវដែកប្រវែង ១ ៥៤៥ គីឡូម៉ែត្រ ដែលបានដាក់ជូនទៅកាន់ការរិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពល របស់បក្សកំពុងកាន់អំណាចរបស់វៀតណាម ។

គួរឱ្យដឹងថា ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំក្នុងតំបន់ កំពុងធ្វើការបង្កើនការវិនិយោគរបស់ខ្លួន ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន ។

លើសពីនេះ រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានបន្ថែមទៀតថា គម្រោងនេះនឹងត្រូវបែងចែកជាពីរផ្នែក ដោយផ្នែកដំបូង មានប្រវែងសរុប ៦៦៥ គីឡូម៉ែត្រ ​និងមានទំហំទឹកប្រាក់វិនិយោគចំនួន ២៤,៧២ ពាន់លានដុល្លារ ដែលនឹងត្រូវបើកដាក់ឱ្យដំណើរការ នៅឆ្នាំ ២០៣២ ស្របពេលគម្រោងទាំងមូល នឹងត្រូវបញ្ចប់ការសាងសង់រួចរាល់ នៅចន្លោះឆ្នាំ ២០៤៥ ទៅឆ្នាំ ២០៥០ ៕