កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ផ្លូវការរបស់លោក អំពីទិន្នន័យផលិតរថយន្តរបស់ Tesla ពោលមកទល់ពេលនេះ Tesla បានផលិតរថយន្តសរុបច្រើនជាង ៣ លានគ្រឿង។
យោងតាមការចុះផ្សាយពី Foxbusiness បានឲ្យដឹងថា ក្នុងចំណោមរថយន្តច្រើនជាង ៣ លានគ្រឿងដែល Tesla បានផលិត ក្នុងនោះរោងចក្រនៅសៀងហៃបានចូលរួមចំណែកធំជាងគេ ពោលប្រហែល ១/៣ នៃរថយន្តសរុប គឺចេញពីរោងចក្រសៀងហៃដែលបង្កើតនៅឆ្នាំ ២០១៨។
យ៉ាងណា ថ្វីបើសមិទ្ធផលដែលរោងចក្រនៅសៀងហៃបានបង្ហាញសក្ដានុពលដ៏អស្ចារ្យ ប៉ុន្តែមួយរយៈចុងក្រោយនេះ វាត្រូវបានផ្អាកការផលិតបណ្ដោះអាសន្ន ដោយសារការរាតត្បាតជំងឺកូវីដ ១៩ ហើយរដ្ឋាភិបាលចិនបានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបញ្ហាមួយនេះ ដោយបានបិទទីក្រុងសៀងហៃមួយរយៈពេលធំ។
សូមជម្រាបដែរថា ទិន្នន័យសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២២នេះ Tesla ផលិតរថយន្តបាន ២៥៨ ០០០ គ្រឿង តិចជាងត្រីមាសមុន ១៥% ដែលធ្លាប់ផលិតបាន ៣០៥ ០០០ ចន្លោះពីខែមករា ដល់មីនា ប៉ុន្តែបើធៀបនឹងឆ្នាំទៅ វាបានកើនឡើង ២៥%៕