ចេញ​រូបរាង ឆាប់ៗ​នេះ​ជិត​មាន​ផ្សារទំនើប​ធំ​ពីរ​ ចាយ​ទុន​ជាង ៣០០ លាន​ដុល្លារ នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ​

អាជីវកម្ម

សំណង់​ផ្សារទំនើបធំពីរ​ដែល​ចាយទុន​សរុប​ជាង ៣០០ លាន​ដុល្លារ កំពុង​លេច​​វត្តមាន​នឹង​ក្លាយ​ជា​មណ្ឌល​​​ផ្សារ​ទំនើប​ដ៏​ធំ​នៅភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មណ្ឌល​ផ្សារ​ទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល​ របស់ក្រុមហ៊ុន​យក្ស​ ជីប ម៉ុងនឹងដាក់​ឱ្យ​​ដំណើរ​ការក្នុង​ឆ្នាំ​ ២០២២ ខាងមុខ។ វត្តមាន​របស់មណ្ឌលផ្សារទំនើបនេះ​នឹង​ក្លាយ​ជា​ផ្នែក​​មួយ​ក្នុង​ការធ្វើទំនើបកម្ម​ឧស្សាកម្ម​លក់​រាយ​នៅតំបន់ភាគខាងត្បូង​នៃរាជ​ធានី​ភ្នំពេញ។

មណ្ឌល​ផ្សារ​ទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល​ បាន​វិនិយោគ​ក្នុងទំហំ​ទឹក​ប្រាក់ ប្រមាណ​ ១៨០ លានដុល្លារ​។ មាន​ទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ​ន៍អចល​ទ្រព្យ​​ ៤៣ ​ហិកតា លែនម៉ាក ២៧១ មណ្ឌល​ផ្សារទំនើបខ្នាត​អន្តរជាតិ​ ជីប ម៉ុង​ ២៧១ មេហ្គា​ម៉ល​ បាន​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់កាលពីខែសីហា ឆ្នាំ២០១៨ ហើយ​​​នឹង​​ដាក់​​ឱ្យ​ដំណើរ​ការ​​នៅចុង​ឆ្នាំ២០២២ ឬដើម​ឆ្នាំ​២០២៣។​

ដោយឡែក​ផ្សារទំនើបអ៊ីអន ៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ បច្ចុប្បន្ន​កំពុងសម្រុក​ស្ថាបនា​យ៉ាងសស្រាក់សស្រាំ នឹង​ឈាន​ទៅ​បញ្ចប់​​រួចរាល់ទាន់​​ផែនការដែល​បាន​គ្រោង​ទុក​ក្នុង​ឆ្នាំ​២០២២ នេះ។

ផ្សារ​លក់រាយដ៏​ធំរបស់ជប៉ុនដែលបាន​ចាយទុន​វិនិយោគ​ជាង ២០០ លាន​ដុល្លា​រនេះ បានបើកការដ្ឋានសាងសង់ផ្សារកាលពី​ឆ្នាំ​ ២០២០។

បើ​តាម​សេចក្តីប្រកាស​របស់ក្រុមហ៊ុន ផ្សារទំនើបអ៊ីអនម៉លមានជ័យ នឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។

ផ្សារទំនើបអ៊ីអន ៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ មាន​ទីតាំង​​ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ)។ មាន​កម្ពស់​ ៥ ​ជាន់​​គ្របដណ្តប់លើទំ​ហំផ្ទៃ​ដី 174,000 ម៉ែ​ត្រការ៉េ ដែល​ទំហំនេះ​ធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ ដែល​បើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000​ម៉ែត្រការ៉េ)៕