ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅខេត្តតាកែវ បានឲ្យដឹងថា អាជីវកម្មចិញ្ចឹមជ្រូកសាច់ក្នុងស្រុកមានកើនឡើងនិងធានាបានការផ្គត់ផ្គង់បានទាំងស្រុងក្នុងការផ្តផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតម្លៃល្អប្រសើរផងដែរ។ នេះបើតាមលោកស្រី ងិន គន្ធា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ ស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាប់លោក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក លោកស្រី ងិន គន្ធា បានឲ្យដឹងថា ដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់មានដូចជាពូជ ចំណី ថ្នាំសង្កូវ ជំងឺឆ្លង ទឹក-ភ្លើង ពលកម្ម ទុនវិនិយោគ និងទីផ្សារ សំខាន់មួយទៀតគឺលក្ខខណ្ឌនៃកិច្ចសន្យាជាមួយក្រុមហ៊ុន ស៊ីភី។ លោកស្រីក៏បានឲ្យដឹងថា បច្ចុប្បន្នសមត្ថភាពចិញ្ចឹមក្នុងស្រុកមានកើនឡើងនិងធានាបានការផ្គត់ផ្គង់បានទាំងស្រុងក្នុងការផ្តផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតំម្លៃរល្អប្រសើ។
បើតាមលោក វេង សាខុន ទីផ្សារជ្រូកសាច់បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាន ក៏គួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។
គួរបញ្ជាក់ដែរថា កសិដ្ឋាន លោកស្រី ងិន គន្ធា បង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហិចតា។ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង ១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ក្នុងមួយវគ្គរោង ១ អាចទទួលបានប្រាក់ចំណូល ១០,០០០ដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ ៧០,០០០ដុល្លារ៕ អត្ថបទ៖ រង្សី