ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងប្រទេសរុស្សីឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងបន្តថា ផ្លែស្វាយកែវរមៀត ដែលនឹងនាំចេញទៅកាន់ប្រទេសបារាំងនេះ គឺជាជើងទី១៧ និងប្រទេសរុស្សីជាជើងទី ១០ ក្នុងឆ្នាំ២០១៩-២០២០។ លោកឧកញ៉ាបន្តថា ទំនិញទាំងអស់នេះ នឹងត្រូវបញ្ជូនតាមជើងយន្តហោះ QATAR ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី មានចំនួន ២,០៤៧គីឡូក្រាម និងប្រទេសបារាំង មានចំនួន ២,៦១៣.៩៦គីឡូ ផ្លែស្វាយដែលបាននាំចេញសរុប មានចំនួន ២៧ជើង ស្មើរនិងជាង៧៣ម៉ឺនគីឡូក្រាម(៧៣,២០០.៣៤ គីឡូក្រាម)។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានបញ្ជាក់ថា ប្រសិនបើ បងប្អូនកសិករយើង មានផ្លែស្វាយកែវរមៀតដែលចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់សូមទំនាក់ទំនងលេខទូរសព្ទ័ ០៩៨ ៨៨៨ ៧២៧ និង ០៩៨ ៨៨៨ ២៦៤។
ពាក់ព័ន្ធនឹងផ្លែស្វាយនេះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍កាលពីពេលថ្មីៗនេះថា «ផ្លែស្វាយកម្ពុជា មិនអន់ជាងផ្លែស្វាយរបស់ប្រទេសអាស៊ានទេ អីចឹងប្រភពទីផ្សារដែលយើងនាំមកកូរ៉េ វាក៏ជាផ្នែកមួយនៃការជំរុញការដាំដុះនៅប្រទេសកម្ពុជា ហើយយើងកំពុងស្វែងរកឱកាស ក្នុងការនាំចេញនូវមុខទំនិញផ្សេងៗថែមទៀត»។
សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។
របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន៕ អត្ថបទ៖ សិរីការ