ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្ហាញមុខមេទ័ពធំ ៣រូប ដែលជួយដឹកនាំសាលារៀនអន្តរជាតិ វេសឡាញ (Westline) ឱ្យទទួលបានជោគជ័យ មកទល់បច្ចុប្បន្ន។
លោក បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃចន្ទម្សិលមិញថា លោកខ្លាំង ឬ WEG (Westline Education Group) ខ្លាំង ដោយសារលោកមានក្រុមដ៏ខ្លាំងមួយនៅពីក្រោយ។ ក្នុងនោះ គឺមេទ័ពធំបីនាក់ខាងក្រោមនេះ ជាអ្នករួមគ្នាជាមួយលោក ក្នុងការដឹកនាំកាច់ចង្កូតនាវា Westline Education Group។
១. លោក នៅ សីហា
លោក នៅ សីហា ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកហិរញ្ញវត្ថុ (Chief Financial Officer) នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំងពីឆ្នាំ២០០៨។ មុនពេលចូលបម្រើការងារនៅវេសឡាញ លោកធ្លាប់បម្រើការងារអ្នកគ្រប់គ្រងការស្រាវជ្រាវ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា ក្នុងតួនាទីជាសេដ្ឋវិទូដ៏ល្បីរបស់កម្ពុជា និងជាអ្នកនិពន្ធសំខាន់នៃការបោះពុម្ភផ្សាយប្រចាំឆ្នាំ «Cambodia Economic Watch»។
លោកមានបទពិសោធន៍លើផ្នែកហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងលំហូរសាច់ប្រាក់ និងហិរញ្ញវត្ថុ ការវិភាគសេដ្ឋកិច្ច ការស្រាវជ្រាវ និងការគ្រប់គ្រងគម្រោង។ លោកបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រង និងអនុបណ្ឌិតផ្នែក Econometrics and Economics ឯកទេសវិស្វកម្មព័ត៌មាន និងការវាយតម្លៃសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ LUMIERE LYON II ប្រទេសបារាំង និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាពាក់ព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើន ទាំងក្នុង និងក្រៅប្រទេសទៀតផងដែរ។
២. លោក គង់ សំនៀង
លោក គង់ សំនៀង បានចូលបម្រើការងារនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំងពីឆ្នាំ២០០៨ ជានាយកសាលារៀនវ៉េស្ទឡាញន៍ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកទទួលតំណែងជាប្រធាននាយកប្រតិបត្តិការ (Chief Operating Officer)។ មុនពេលបន្តបេសកកម្មអប់រំនៅវេសឡាញ លោកធ្លាប់បម្រើការងារជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនជាង២០ឆ្នាំ។
លើសពីនេះ លោកបានប្រឡូកក្នុងការងារគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឯកជនជាង៥ឆ្នាំ។ លោកបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរៈកិច្ច។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាអប់រំ ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅប្រទេសទៀតផងដែរ។ ស្នាដៃ និងសមិទ្ធផលការងារគ្រប់គ្រង និងដឹកនាំរបស់លោក បាននាំមកនូវការរីកចម្រើនថ្មីៗជាបន្តបន្ទាប់ដល់ស្ថាប័ន និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំមន្ទីរ និងក្រសួងអប់រំ យុវជន និងកីឡា។
៣. លោក តែ ឡាយ
លោក តែ ឡាយ បានចូលបម្រើការងារនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំងពីឆ្នាំ២០០៨ ក្នុងតំណែងជាប្រធាននាយកអប់រំ (Chief Education Officer)។ មុនពេលបន្តបេសកកម្មអប់រំនៅវេសឡាញ លោកធ្លាប់បម្រើការងារជាគ្រូបង្រៀន គ្រូឧទ្ទេសបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនភាសាអង់គ្លេស និងជាអ្នកគ្រប់គ្រងកម្មវិធីភាសាអង់គ្លេស នៅគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនជាង២០ឆ្នាំ។
លោកបានទទួលបរិញ្ញាបត្រ ផ្នែកអប់រំ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការដឹកនាំ និងរដ្ឋបាលអប់រំ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគ្រប់គ្រងធនធានមនុស្ស ។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាអប់រំ ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅប្រទេសទៀតផងដែរ។ ស្នាដៃ និងសមិទ្ធផលការងារគ្រប់គ្រង និងដឹកនាំរបស់លោកបាននាំមកនូវការរីកចម្រើនថ្មីៗជាបន្តបន្ទាប់ ដល់ស្ថាប័ន និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំមន្ទីរ និងក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា សាលារៀនអន្តរជាតិ វេសឡាញ បានបង្កើតឡើងដោយឧកញ៉ា ប៉ិច បូឡែន តាំងពីឆ្នាំ២០០៨។ សាលា វេសឡាញ មានកម្មវិធីបង្រៀនភាសាអង់គ្លេស ចាប់ពីថ្នាក់ត្រៀមចូលមត្តេយ្យ រហូតដល់កម្រិតខ្ពស់ ជាមួយនឹងស្តង់ដាអាមេរិកាំង និងកម្មវិធីសិក្សាភាសាខ្មែរ ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ស្របតាមស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ បច្ចុប្បន្នសាលា វេសឡាញ មានជាច្រើនសាខាដូចជា សាខាសន្ធរមុក ទួលទំពូង ច្បារអំពៅ ទួលស្វាយព្រៃ ផ្សារតូច ដូនពេញ ចំការដូង ភ្នំពេញថ្មី ព្រែកលាប និងសាខាចំការសំរោង ផងដែរ៕