ទីកន្លែងឧកញ៉ា ឃ្លាំង មឿង ពលីជីវិតទៅកេណ្ឌទ័ពខ្មោច ភ្ញៀវសម្រុកទៅបន់ស្រន់ច្រើន

ជុំវិញ​ឧកញ៉ា

បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ដែលជាទីកន្លែង​លោកឧកញ៉ាពលី​ជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោច ដើម្បី​មក​ជួយ​ការពារ​ទឹកដី​ខ្មែរ ​​​បាន​ក្លាយ​ជា​ទី​សក្ការបូជា​ពេញ​និយម​ សម្រាប់​អ្នក​ខេត្ត​ពោធិ៍សាត់ និង​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្ត​ផ្សេងៗ​ទៀត ​ដោយ​គេ​មាន​ជំនឿ​ថា​ពូកែ​ស័ក្តិសិទ្ធិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ៅ សោភ័ណ្ឌ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​បូជនីយដ្ឋាន ​​ធ្លាប់​​បាន​អះអាង​ថា បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ដែល​​ឋិត​​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុងមួយថ្ងៃៗ​​មាន​ភ្ញៀវ​មក​ពី​គ្រប់​ទិសទី​បាន​ចូល​គោរព​បូជា​យ៉ាង​តិច ៦០​នាក់ ប៉ុន្តែ​ថ្ងៃ​ខ្លះ​មាន​​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​​រាប់​រយ​នាក់​ ចូល​គោរព​បូជា​ព្រមៗ​គ្នា ធ្វើ​ឲ្យ​មនុស្ស​កក​ស្ទះ​នៅ​បរិវេណ​បូជនីយដ្ឋាន​ក៏​មាន។

ចំណែក​ឯ​លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​​ខេត្ត​ពោធិ៍សាត់ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​​ផង​ដែរ​ថា ទី​សក្ការ​បូជា​ឧកញ៉ា ឃ្លាំង មឿង គឺ​ជា​ទិសដៅ​របស់​ភ្ញៀវ​សម្រុក​ទៅ​បន់ស្រន់​ច្រើន។ លោក​បាន​រំឭក​ថា តួរ​យ៉ាង​កាល​ពី​ឆ្នាំ​២០០៨ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គេ​បាន​ធ្វើ​ពិធី​ឡើង​អ្នកតា ឃ្លាំង មឿង ហើយ​កាល​ណោះ​មាន​ភ្ញៀវ​ច្រើន​ណាស់​បាន​ចូល​រួម។

ទី​ផ្នូរ​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​ ជំទាវ​ខាន់​ខៀវ ស្ថិតនៅ​ក្នុងភូមិ កំពែង​ស្វាយ ឃុំ ស្នាម​ព្រះ ស្រុក បាកាន មានចម្ងាយ​ប្រមាណជា ៦ គីឡូ​មែ​៉​ត្រ​ពី​ទី​រួម​ខេត្តពោធិ៍សាត់។ រណ្ដៅ​ដែល​លោក​ឧកញ៉ា​មឿង​បាន​លោត​នោះ ត្រូវ​​បាន​រក្សា​ការពារ​ទុក​មកដល់​សព្វថ្ងៃ​ ដោយ​ធ្វើជា​អគារ​មួយ​មាន​ក្បាច់រចនា​យ៉ាងស្រស់ស្អាត​គ្រប​ពីលើ ហើយ​នៅ​កៀនជញ្ជាំង​ពីក្រោយ​រណ្ដៅ ឬ ​ផ្នូរ​នេះ គេ​បាន​សាង​រូបសំណាក​លោក​ឧកញ៉ា និង ​​ជំទាវ ​តម្កល់​ឱ្យ​ឈរ​ចង្អុល​បែរមុខ​ទៅរក​កន្លែង ​ដែល​គាត់​បាន​លោត​នោះ។ បច្ចុប្បន្ន​នៅទីនោះ​ បានក្លាយ​ជា​រមណីយដ្ឋាន​ដែលមាន​អ្នកទេសចរ​ជាតិ និង ​អន្តរជាតិ​ទៅ​កម្សាន្ត​ជារៀងរាល់ថ្ងៃ ថែមទាំង​ប្រមូលបាន​ប្រាក់​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​ផង​​ដែរ។

សូម​រំឭក​អំពី​ប្រវត្តិសាស្ត្រ​​​របស់​ឧកញ៉ា​ ឃ្លាំង មឿង ឬ​អ្នកតា ឃ្លាំង​ មឿង​ ​​​ដូច​ត​ទៅ៖

លោកតា​ឃ្លាំងមឿង ​ជា​មេទ័ព​មួយរូប​ ដ៏​ល្បីល្បាញ​នៅក្នុង​សម័យ​លង្វែក អ្នកណា​ក៏​តែងតែ​ក្រែង​ញញើត​ពី​អនុភាព​របស់​លោកតា​ឃ្លាំងមឿង​ដែរ។ លោកតា​ឃ្លាំងមឿង​បានធ្វើ​សង្គ្រាម​នៅក្នុង​សមរភូមិ​មិនដែល​ទទួល​បរាជ័យ​សូម្បី​តែមួយ​លើក ធ្វើឱ្យ​ព្រះបាទ ច័ន្ទ​រាជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ត្រាសបង្គាប់​ឱ្យ​ឧកញ៉ា​ឃ្លាំងមឿង​ជា​មេទ័ព​សេនា​ដៃស្ដាំ​របស់​ព្រះអង្គ​រហូតមក។ នៅថ្ងៃមួយ​ព្រះបាទ​ច័ន្ទ​រាជ​ក៏បាន​ត្រាស់បង្គាប់ ឧកញ៉ា​ឃ្លាំងមឿងឱ្យ​ចេញទៅ​ធ្វើសង្គ្រាម​ការពារ​ខេត្ត​ដែល​នៅជាប់​ព្រំប្រទល់​សៀម ដោយសារតែ​ពួក​សៀម​វាយ​សម្រុកចូលមក​លឿន​ពេក ​ហើយ​ក៏បាន​ដណ្ដើមយក​ខេត្តបាត់ដំបង​បាន ហើយ​ពួក​សៀម​បម្រុងវាយ​យក​ខេត្តពោធិសាត់​មួយ​ខេត្ត​ទៀត ទើប​ធ្វើឱ្យ​ឧកញ៉ា​ឃ្លាំងមឿង​បោះជំរុំ​នៅក្នុងខេត្តពោធិ៍សាត់។

ការវាយលុក ​និង ​ការឡោមព័ទ្ធ របស់​មេទ័ព​សៀម​អស់​រយៈពេល​ជា​យូរ​ខែ​យូរថ្ងៃ​ក៏​នៅតែ​មិនបាន​សម្រេច ធ្វើឱ្យ​ឧកញ៉ា​ឃ្លាំងមឿង​បាត់បង់​កងទ័ព​អស់​ជាច្រើន​នាក់ ការសុំ​កងទ័ព​ជំនួយ​ក៏​មិនទាន់​មកដល់ ហើយ​ឧកញ៉ា​ឃ្លាំងមឿង​ក៏បាន​សម្រេចចិត្ត​សរសេរ​សារលិខិត​ទៅ​ថ្វាយ​ព្រះបាទ​ច័ន្ទ​រាជា​ម្ដងទៀត ​ដោយមាន​អត្ថន័យ​ថា (​ប​ពិត​ព្រះអង្គម្ចាស់​ជីវិត​តម្ក​ល់​លើ​ត្បូង ទូលព្រះបង្គំ​សូម​ថ្វាយ​ជីវិត ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ធ្វើ​ចម្បាំង​ដណ្ដើមយក​ទឹកដី ​ដែល​បាន​បាត់បង​មកវិញ )។ ឧកញ៉ា​ឃ្លាំងមឿង​សរសេរ​សារ​ថ្វាយ​រួចហើយ ក៏បាន​បញ្ជា​កូនទាហាន​ទៅ​ជីករណ្ដៅ​ដែលមាន​ជម្រៅ​រហូតដល់ ៣ ម៉ែត​ហើយ​នៅក្នុង​រណ្ដៅ​នោះ​ត្រូវ​ដាំ​សុទ្ធតែ​កាំបិត និង ចម្រូង​ឬ​ស្សី​យ៉ាង​មុត​ស្រួច។

ឧកញ៉ា​ឃ្លាំងមឿង​បាន​លោត​ចូលទៅក្នុង​រណ្ដៅ​ភ្លាម​មួយ​រំពេច ស្រាប់តែ​ពេលនោះ​មាន​ភរិយា​ព្រមទាំង​កូនប្រុស​របស់​គាត់​ក៏បាន​លោត​ចូលទៅ​ក្នុងនោះ​ផងដែរ ហើយ​ក៏មាន​មេទ័ព ជំនិត​២​នាក់​ក៏​ហ៊ាន​លះបង់​ជីវិត​ទៅតាម​បម្រើឧកញ៉ា​ឃ្លាំងមឿង។​ ​ឧកញ៉ា​ឃ្លាំងមឿង​បាន​លះបង់​ជីវិត​ទាំង​គ្រួសារ​ដើម្បី​ការពារ​ទឹកដី​ខ្មែរ។

៣ ថ្ងៃ​ក្រោយមក​ នាពេល​យប់​ខែភ្លឺ​មួយ ស្រាប់​តែមាន​សំឡេងពិ​ណ្យ​ពាទ្យ និង មាន​សំឡេងស្រែក​ហ៊ោ​កញ្ជ្រាវ​របស់​កងទ័ព​ខ្មោច​ ដែល​ឧកញ៉ា​ឃ្លាំងមឿង​បាន​ទៅ​កេណ្ឌ​ក៏បាន​មកដល់ ហើយ​ធ្វើឱ្យ​កងទ័ព​សៀម​ចុកពោះ រាករូស​គ្មាន​កម្លាំង ក្រោកឈរ​ទៅណា​ក៏​មិន​រួច លុះដល់​ពេលព្រឹក​ឡើងក​ង​ទ័ព​របស់​ឧកញ៉ា​ឃ្លាំង មឿង ​ដែល​នៅរស់​ទាំងអស់​ ក៏បាន​ចូលទៅ​ចាប់ចង​កងទ័ព​សៀម​ទាំងអស់ ​ដែល​បាន​ឡោមព័ទ្ធ​កងទ័ព​ឧកញ៉ា​ឃ្លាំងមឿង ។

​ចាប់តាំងពី​ពេលនោះ​មក​ ស្នាដៃ​របស់​ឧកញ៉ា​ ឃ្លាំង មឿង​ ក៏បាន​ចារ​ទុកនៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ហើយ​ក៏មាន​ប្រជាព​រដ្ឋ​ជាច្រើន​ មក​គោរពបូជា​ចំពោះ​ឧកញ៉ា​ឃ្លាំងមឿង​មកដល់​សព្វថ្ងៃ៕​​​