បច្ចុប្បន្ន សេដ្ឋកិច្ចនៃប្រទេសឥណ្ឌូណេស៊ីគឺកំពុងមានការងើបឡើងខ្លាំងគួរសម ស្របពេលលឺល្ហៀងៗថា ប្រទេសដែនកោះមួយនេះត្រូវប៉ាន់ខ្លាំងជាមួយនឹងសហគ្រាសធំៗលើវិស័យផលិតរថយន្តអគ្គិសនី ដោយសារទីនោះសំបូរទៅដោយរ៉ែនីកែល រូបធាតុសំខាន់សម្រាប់ផលិតអាគុយរថយន្ត។
ទន្ទឹមនឹងនោះ ប្រធានាធិបតី Joko Widodo បានទម្លាយឲ្យដឹងថា ឥណ្ឌូណេស៊ីពេលនេះគឺអាចរាប់ចូលជាផ្នែកមួយនៃប្រទេសកំពូលៗលើលោក ហើយប្រទេសនៅអាស៊ានមួយនេះថែមទាំងអាចកាន់តួនាទីសំខាន់ក្នុងការដោះស្រាយទំនាស់រវាងរុស្ស៊ី និងអ៊ុយក្រែនទៀតផង។
“ក្នុងឆ្នាំ ២០២២ ពួកយើងនឹងធ្វើជាប្រធានកិច្ចប្រជុំ G-20 ដែលជាអង្គប្រជុំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចជុំវិញពិភពលោក ហើយឆ្នាំក្រោយពួកយើងអាចនឹងក្លាយជាប្រធានអាស៊ានថែមទៀត”។ នេះបើតាមការអះអាងរបស់លោក Jokowi មុនបើកការអបអរគម្រប់ខួប ៧៧ ឆ្នាំនៃការប្រកាសឯករាជ្យរបស់ប្រទេសនៅថ្ងៃស្អែក។
ជាការពិត មុនកិច្ចប្រជុំ G-20 នឹងចាប់ផ្ដើម ឥណ្ឌូណេស៊ីបានចូលរួមយ៉ាងសកម្មសម្រាប់អង្គប្រជុំពាក់ព័ន្ធនឹងកិច្ចការបរទេស តួយ៉ាងលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីខែមិថុនា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាកំពុងក្ដៅគគុកមួយនេះ៕